លោកអេង ឆៃអ៊ាង ស្នើតុលាការកម្ពុជាឱ្យអន្តរាគមន៍ឱ្យមានការផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្ត្រីបក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃពុធនេះ បានសម្រេចលើកពេលសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបទៅថ្ងៃទី២៥ ខែវិច្ឆិកាវិញតាមការស្នើសុំរបស់ក្រុមមេធាវីក្រោមហេតុផលអវត្តមានរបស់មន្រ្តីទាំងនេះ។ មន្រ្តីទាំង៩នាក់នេះ មិនអាចចូលកម្ពុជាបានឡើយ ដោយសារតែលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់សុពលភាព។ ចំពោះបញ្ហានេះ អនុប្រធានអតីតបក្សប្រឆាំង លោកអេង ឆៃអ៊ាង កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានស្នើសុំឱ្យតុលាការកម្ពុជាជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិឡើងវិញ។
ការស្នើសុំរបស់លោកអេង ឆៃអ៊ាងនេះ ធ្វើឡើងបន្ទាប់ពីរូបលោក និងមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀត បានបរាជ័យក្នុងការដាក់លិខិតស្នើសុំមកក្រសួងមហាផ្ទៃឱ្យផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្រ្តីអតីតបក្សប្រឆាំង១១រូបតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក។ ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិកកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបិទទ្វារមិនចេញមកទទួលយកលិខិតស្នើសុំរបស់ពួកគេនោះទេ ដែលជាហេតុនាំឱ្យមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងត្រូវបង្ខំចិត្តដាក់លិខិតនោះនៅក្នុងប្រអប់សំបុត្រនៅមុខរបងចូលទៅស្ថានទូត។ ប៉ុន្តែ មុនដាក់លិខិតនេះក្នុងប្រអប់សំបុត្រ ពួកគេបានព្យាយាមបិទលិខិតស្នើសុំនេះជាប់នឹងរបងស្ថានទូតកម្ពុជាតែម្តង ប៉ុន្តែត្រូវបានប៉ូលីសអាមេរិកហាម។
ក្រោយបរាជ័យដាក់លិខិតនេះ លោកអេង ឆៃអ៊ាង និងលោកស្រីមួរ សុខហួរ ដែលជាអនុប្រធានអតីតបក្សសង្រ្គោះជាតិបានរិះគន់ និងចោទប្រកាន់ស្ថានទូតកម្ពុជាប្រចាំនៅអាមេរិកថា មិនបានធ្វើការងារផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺមិនអើពើនឹងការដាក់លិខិតស្នើសុំរបស់ពួកគេ។ ប៉ុន្តែស្ថានទូតកម្ពុជាប្រចាំនៅអាមេរិកបានចេញមកទាត់ចោលការចោទប្រកាន់នេះ ដោយហៅពួកគេថា ជាបុគ្គលក្រៅច្បាប់។ ស្ថានទូតកម្ពុជាតាមរយៈអ្នកនាំពាក្យកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានលើកឡើងពីសកម្មភាពនានារបស់ខ្លួននាពេលកន្លងមកដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិបានទៅដល់ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដាក់លិខិតស្នើសុំតាមរយៈស្ថានទូតមកកាន់ក្រសួងមហាផ្ទៃឱ្យផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ ដើម្បីអាចឱ្យពួកគេចូលកម្ពុជាតាមការកោះហៅតុលាការក្រុងភ្នំពេញ។ តុលាការក្រុងភ្នំពេញបានកោះហៅពួកគេឱ្យចូលខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកានេះ តែបានសម្រេចលើកពេលទៅថ្ងៃទី២៥ ខែវិច្ឆិកា និងកោះហៅមួយទៀតឱ្យចូលខ្លួននៅថ្ងៃទី២៦ ខែវិច្ឆិកា។
លោកអេង ឆៃអ៊ាង បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចង់មកកម្ពុជា ដើម្បីចូលរួមនៅក្នុងសវនាការរបស់តុលាការ។ ប៉ុន្តែពួកគេមិនអាចមកបាន ដោយសារតែលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់សុពលភាព។ ហេតុដូច្នេះហើយទើបពួកគេស្នើសុំឱ្យក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ។ ជាមួយគ្នានេះ លោកអេង ឆៃអ៊ាង ក៏បានស្នើសុំតុលាការក្រុងភ្នំពេញឱ្យជួយអន្តរាគមន៍ចំពោះបញ្ហានេះផងដែរ។ លោកសំ សុគង់ មេធាវីការពារមន្រ្តីអតីតបក្សប្រឆាំងបានបង្ហើបឱ្យដឹងថា លោកអាចនឹងដាក់លិខិតសុំអន្តរាមន៍ផ្តល់សុពលភាពលិខិតឆ្លងដែននេះទៅតុលាការនៅសប្តាហ៍ក្រោយ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា មធ្យោបាយមកកម្ពុជាវិញរបស់មន្រ្តីអតីតបក្សប្រឆាំង គឺអាស្រ័យទៅតាមការនីតិវិធីរបស់តុលាការ។ អ្នកនាំពាក្យរូបនេះបានការពារថា ការបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេ គឺត្រឹមត្រូវតាមច្បាប់ ដោយសារពួកគេកំពុងមានពិរុទ្ធភាព ហើយរត់គេចទៅបរទេស និងថា បញ្ហាដែលបានកើតឡើងចំពោះពួកគេនេះ គឺពួកគេជាអ្នកបង្កឡើងដោយខ្លួនឯង។
ក្រសួងការបរទេសកម្ពុជាបានសម្រេចបញ្ចប់សុពលភាពលិខិតឆ្លងដែនធម្មតារបស់មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងទាំង១១រូបនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ កួង បានគូសបញ្ជាក់ថា ការបញ្ចប់សុពលភាពលិខិតឆ្លងដែននេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសដែលពួកគេកំពុងស្នាក់នៅ។ លើសពីនេះទៅទៀត លោកថា ប្រទេសទាំងនោះ អាចនឹងចាប់បញ្ជូនពួកគេមកកាន់ប្រទេសកំណើតរបស់ខ្លួនវិញបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ