ក្រសួងមហាផ្ទៃស្នើអភិបាលខេត្តកណ្តាលនិងភ្នំពេញផ្អាកកិច្ចប្រជុំនានាដែលមានមនុស្សច្រើនចូលរួម
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងមហាផ្ទៃនៅថ្ងៃទី ១១ វិច្ឆិកានេះ បានស្នើអោយអភិបាលភ្នំពេញនិងខេត្តកណ្តាល ផ្អាកជាបណ្តោះអាសន្ននៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សជាច្រើនចូលរួម។ គោលដៅ គឺដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍។ ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១១ វិច្ឆិកានេះ ក៏បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
«ខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានគេចាត់ទុកថា ជាភូមិសាស្ត្រពីរដែលមានហានិភ័យខ្ពស់ក្នុងការបន្តចម្លងនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់»។ នេះបើផ្អែកតាមខ្លឹមសារនៃលិខិតរបស់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី ១១ វិច្ឆិកា ដោយបន្តថា រាជធានីភ្នំពេញនិងខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានាដើម្បីទប់ស្កាត់អោយបានទាន់ពេលវេលានូវការរីករាលដាលនៃជំងឺកូវីដ១៩។ ឆ្លើយតបនឹងក្តីបារម្ភនេះ ក្រសួងមហាផ្ទៃបានស្នើសុំអោយអភិបាលរាជធានីភ្នំពេញនិងខេត្តកណ្តាល ផ្អាកជាបណ្តោះអាសន្ននៃការរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សច្រើនចូលរួមក្នុងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃនេះតទៅ។ បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដើម្បីសំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានស្នើអោយអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ក្នុងមូលដ្ឋានរាជធានី/ខេត្តទាំងពីរ ត្រូវបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។
បន្ថែមលើវិធានការនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី ១១ វិច្ឆិកានេះ ក៏បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដែលខ្វះខាតម៉ាសប្រើប្រាស់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ ដោយឡែកក្រសួងទេសចរណ៍ឯណោះវិញ ក៏បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ១១ វិច្ឆិកា នេះ ដោយស្នើអោយផ្អាកនូវអាជីវកម្មក្លិបហាត់ប្រាណដើម្បីសុខភាពទាំងនៅក្នុង និងខាងក្រៅសណ្ឋាគារ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
គួរជំរាបជូនថា ស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងការទប់ស្កាត់និងការពារការចម្លងទៅក្នុងសហគមន៍ បន្ទាប់ពីផ្ទុះឡើងវិញ ក្រោយពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី កាលពីថ្ងៃទី ០៣ វិច្ឆិកា ដែលអង្គរក្សម្នាក់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាពីរនាក់ និងឯកអគ្គរដ្ឋទូតហុងគ្រីម្នាក់ បានឆ្លងជំងឺកូវីដ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ