កម្ពុជា-សេដ្ឋកិច្ច

៨ខែដើមឆ្នាំ២០២០នេះ ទុនវិនិយោគឯកជននៅកម្ពុជា បានធ្លាក់ចុះ៥៧%

រូបភាពតំណាង
រូបភាពតំណាង © KhmerTimes

ទុនវិនិយោគ​ក្នុងវិស័យ​វិនិយោគឯកជន​នៅកម្ពុជា​ នៅក្នុងរយៈ​ពេល​៨ខែដើមឆ្នាំ២០២០នេះ បានធ្លាក់ចុះប្រមាណជា​៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពី​​ឆ្នាំមុន។ យ៉ាងណាមិញ​ អ្នកជំនាញរំពឹងថា​ សេដ្ឋកិច្ច​កម្ពុជានឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗ ខណៈដែល​វិស័យ​នាំចេញទំនិញ​ទៅទីផ្សារ​អន្តរជាតិ​មាន​ភាពវិជ្ជមាន។

ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​៨ខែដើមឆ្នាំ២០២០នេះ គម្រោងវិនិយោគ​ឯកជន​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅកម្ពុជាធ្លាក់ចុះ ​​​​​៥៧.១% ធៀប​នឹងរយៈពេល​ដូចគ្នា​ឆ្នាំមុន ក្នុងទំហំទឹកប្រាក់វិនិយោគ​ប្រមាណជាង ២៣០០ លានដុល្លារ​ នេះបើយោងតាមរបាយការណ៍​និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​​​​។  ​សូមបញ្ជាក់ថា ​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា​បានធ្វើការ​អនុម័ត​​​ចុះបញ្ជី​ដល់ក្រុមហ៊ុនវិនិ​យោគ ​ រយៈពេល៨ខែឆ្នាំ​២០២០​នេះ​ មានចំនួន​​១១៣គម្រោង ដែលជាការធ្លាក់ចុះ​២២គម្រោង (ធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំមុន)។

ក្នុងបរិបទនៃវិបត្តិកូវីដ១៩ អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា លោក​ លឹម ហេង មានគំនិត​សុទិដ្ឋិនិយមថា ​​សេដ្ឋកិច្ចកម្ពុជា​នឹង​មិនរងផលប៉ះពាល់ធ្ងន់ធ្ងរ​នោះទេ ​បើទោះបីជា​វិស័យ​វិនិយោគ​ឯកជន​មានការធ្លាក់ចុះក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០នេះក៏ពិតមែន។ លោកបន្ថែម​ថា សេដ្ឋកិច្ចកម្ពុជានៅមានលក្ខណៈល្អប្រសើរនៅឡើយ តាមរយៈកំណើននៃការនាំចេញទំនិញ​ទៅកាន់ទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ លោក លឹម ហេង ក៏​បាន​បញ្ជាក់ដែរ​​ថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើង​វិញយ៉ាងលឿនក្នុងពេលខាងមុខ​ ​តាមរយៈកិច្ចព្រមព្រៀង​សេដ្ឋកិច្ចសេរីពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសនានា រួមមាន​ចិន កូរ៉េ រុស្ស៊ី ក៏ដូចជាឥណ្ឌា​ដែលកំពុងធ្វើកិច្ចចរចារ។

សូមបញ្ជាក់ថា ​ការនាំចេញ​ទំនិញពីកម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ​រយៈពេល​៩ខែឆ្នាំ២០២០នេះ​ មាន​ការកើនឡើង​​​​ជាង​២០​% ក្នុងទំហំទឹកប្រាក់​ប្រមាណ​១៤.១ពាន់​​លានដុល្លារ នេះបើតាមរបាយការណ៍នៃក្រសួងសេដ្ឋកិច្ច​។ ក្នុងនោះទំនិញដែល​មានកំណើននាំចេញខ្ពស់​មានដូចជា អង្ករ (កើន២៣,១%), កង់ (កើន​២៧%), គ្រឿងអគ្គិសនី (កើន២២,៣%), ផលិតផលកសិកម្ម សណ្តែក ចេក និងគ្រាប់ស្វាយចន្ទី (កើន២៣២.៣%) និងមាស (កើន៧១៦.៨%)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI