កូវីដ១៩៖ លោកហ៊ុន សែន ចេញមកប្រកាសថា មិនមានការបិទប្រទេស ឬរាជធានី-ខេត្តណាមួយនោះឡើយ
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញមកប្រតិកម្មទៅនឹងពាក្យចចាមអារាមដែលថា រដ្ឋាភិបាលកម្ពុជានឹងបិទរាជធានីភ្នំពេញ និង ហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ សម្រាប់លោកនាយករដ្ឋមន្រ្តី ទាំងនេះ គឺជាព័ត៌មានមិនពិតដែលនាំឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម។ ដូច្នេះហើយ លោកបានគូសបញ្ជាក់ជាផ្លូវការថា រដ្ឋាភិបាលកម្ពុជាមិនមានការបិទរាជធានី-ខេត្ត ឬប្រទេសកម្ពុជាដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
គឺនៅលើរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានទាត់ចោលនូវព័ត៌មានចចាមអារាមពីការបិទទីក្រុងភ្នំពេញ និងតំបន់ណាមួយនៃប្រទេសកម្ពុជាដោយសារតែវិបត្តិកូវីដ១៩ និងបានហៅអ្នកប្រឌិតព័ត៌មាននេះឡើងថា ជាមនុស្សអាក្រក់។ សម្រាប់លោកនាយករដ្ឋមន្រ្តី ការឃោសនាអកុសលរបស់ពួកមនុស្សអាក្រក់ទាំងនេះ គឺសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាពលរដ្ឋរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ ទោះជាអះអាងបែបនេះ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនបានចង្អុលឱ្យចំថា អ្នកប្រឌិតព័ត៌មាននេះ គឺជាក្រុមខាងណាមួយនោះទេ។
ក៏ប៉ុន្តែ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នោះទេ។ លោកបានសង្កត់ធ្ងន់ថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបង្ហើបឱ្យដឹងពីលទ្ធភាពនៃការបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៃប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងស្ថានការជំងឺកូវីដ១៩ ក្រោមច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែពេលនោះ លោកនាយករដ្ឋមន្រ្តីមិនបានសម្រេចថា ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយទេ។ តាមរយៈសារជាសំឡេង លោកហ៊ុន សែន គ្រាន់តែគូសបញ្ជាក់ថា បើសិនការអំពាវនាវរបស់លោកឱ្យអ្នកជាប់ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីធ្វើចត្តាឡីស័កឱ្យត្រឹមត្រូវមិនមានប្រសិទ្ធភាពដែលនាំមានការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍នោះ ជម្រើសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៃប្រទេសកម្ពុជាអាចនឹងត្រូវលោកធ្វើការពិចារណា។
ប៉ុន្តែ ខុសពីអត្ថន័យដើមនៃការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីនេះ មជ្ឈដ្ឋានមួយចំនួនបានប្រឌិតចំៗថា រដ្ឋាភិបាលកម្ពុជានឹងបិទទីក្រុងភ្នំពេញ ឫតំបន់ណាមួយ ហើយថា នាយករដ្ឋមន្រ្តីបានថ្វាយស្នើសុំការបិទនេះទៅព្រះមហាក្សត្ររួចហើយថែមទៀត។ ភ្លាមៗ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានច្រានចោលព័ត៌មាននេះ និង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកប្រឌិតព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ