កម្ពុជា-កូវីដ១៩

លោក ផៃ ស៊ីផាន៖ ការបញ្ចេញម៉ាសរបស់រដ្ឋាភិបាលចំនួន២លាន អាចទប់ស្កាត់ម៉ាសឡើងថ្លៃនៅទីផ្សារ

ប្រជាពលរដ្ឋពាក់ម៉ាសពេលធ្វើដំណើរតាមដងផ្លូវ នាពេលកន្លងមក
ប្រជាពលរដ្ឋពាក់ម៉ាសពេលធ្វើដំណើរតាមដងផ្លូវ នាពេលកន្លងមក AP - Heng Sinith

ក្រោយ​កើត​មាន​​ព្រឹត្តការណ៍​​៣​វិច្ឆិកា និង​ការរកឃើញ​ថា​មន្ត្រីកម្ពុជា​បានឆ្លង​កូវីដ១៩ ពី​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​កាលពីថ្ងៃទី​៩វិច្ឆិកា តម្លៃម៉ាស់​នៅលើទីផ្សារ​ចាប់ផ្តើម​ហក់ខ្ពស់​ឡើងវិញ។ ជាការ​ទទូច​​​​​ដោយ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក​ ហ៊ុន សែន នៅព្រឹកថ្ងៃទី​១២វិច្ឆិកានេះ បានស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ពាក់ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​​ និងថែម​ទាំង​បាន​បញ្ជា បញ្ចេញ​ម៉ាស​ចំនួន​២លាន​ម៉ាស​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​។ ការបញ្ចេញម៉ាសនេះ គឺ​អាចទប់ស្កាត់​ការ​ឡើងថ្លៃ​នៃ​តម្លៃ​ម៉ាស​នៅ​ក្នុងទីផ្សារ​​បាន នេះ​បើ​តាម​លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជ​រដ្ឋាភិបាល​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

នៅអំឡុងពេលមានឆ្លងជំងឺកូវីដ១៩ជាថ្មី តម្លៃម៉ាស​នៅលើទីផ្សារចាប់ផ្តើម​ប្រែប្រួល​នៅក្នុងរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រសួងសុខាភិបាល​បានប្រកាស​​ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគកូវីដ១៩ ក្រោយព្រឹត្តការណ៍៣វិច្ឆិកាមក។ តម្លៃម៉ាសបានស្ទុះឡើងស្ទើគុណជាពីរ​ ពីតម្លៃ៨ពាន់-១ម៉ឺនរៀលក្នុងមួយប្រអប់នៅថ្ងៃទី០៩វិច្ឆិកា ដល់១ម៉ឺន៦ពាន់-២ម៉ឺនរៀលក្នុងមួយប្រអប់នៅថ្ងៃទៅ១២ខែវិច្ឆិកានេះ ធៀបនឹងសប្តាហ៍មុន។

ជា​ថ្មី​ម្តង​ទៀត នៅថ្ងៃចន្ទនេះ​​ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំ​ ឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវពាក់ម៉ាស​ រក្សាគំលាត និងលាងដៃជាមួយសាប៊ូនិងអាកុលឱ្យបានត្រឹមត្រូវស្របតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដចូលសហគមន៍។ ​បន្ថែមពីនេះ លោក នាយករដ្ឋមន្ត្រីក៏បាន​បញ្ជាឱ្យបញ្ចេញម៉ាស​ក្រណាត់ចំនួន២លានម៉ាស់ដើម្បីចែកជូន​ប្រជាជនក្រីក្រ និង​អ្នកធ្វើដំណើរតាមដងផ្លូវ​​ដែលមិនបានពាក់ម៉ាស។ ជាការកត់សម្គាល់ ម៉ាសជាច្រើន​ត្រូវបានអាជ្ញាធរ​ក្រុមភ្នំពេញ​ចាប់ផ្តើមចែកជូន​​សាធារណៈជន​នៅថ្ងៃព្រហស្បតិ៍ទី​១២វិច្ឆិកានេះ។

ឆ្លើយតបទៅនឹង​ការឡើងថ្លៃតម្លៃម៉ាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃ​ទី​១២នេះថា ​ រដ្ឋាភិបាលកម្ពុជា​ជឿជាក់ថា ការបញ្ចេញម៉ាសនៅពេល​នេះ​ អាច​ទប់ស្កាត់​ការឡើងថ្លៃនៃតម្លៃម៉ាសក្នុងទីផ្សារបាន។ លោក​​ ក៏បានអំពាវនាវដែរថា កម្ពុជា​ទាមទារការសហការ​​​ពីប្រជាពលរដ្ឋទូទៅ ក្នុងនោះ​មាន​អាជីវករផងនោះ ដើម្បីទប់ស្កាត់កុំឲ្យមានការ​ឆ្លង​ចូលទៅក្នុងសហគមន៍។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល​បានធ្វើការ​អប់រំណែនាំ និងក្រើនរំព្ញក​ម្តងហើយម្តងទៀត​ទៅកាន់អាជីវករ​លក់ម៉ាស ទឹកអាកុល ក៏ដូចជា​ជែលលាងដៃកុំឲ្យ​តម្លើងតម្លៃ​ ​​ ហើយប្រសិន​បើ​ពួកគេនៅតែ​បន្ត​សកម្មភាព​តម្លើងតម្លៃទៀត ពួកគេ​អាច​ឈានដល់ការបិទអាជីវកម្ម​ជាមិនខាន។

សូមជម្រាបជូនថា គិតត្រឹម​ខែឧសភាឆ្នាំ២០២០នេះ ម៉ាស់​ចំនួន​១១លានម៉ាស​ បានស្តុកទុកក្នុងឃ្លាំងយុទ្ធសាស្ត្រ​ ដើម្បីចែកជូនប្រជាពលរដ្ឋ​ ប្រសិនបើ​កម្ពុជាមានការរីករាលត្បាតជាទ្រង់ទ្រាយធំណាមួយ កើតឡើងជាយថាហេតុ នេះបើយោងតាមក្រសួងសុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI