របាយការណ៍ស្រាវជ្រាវ៖ ចំណូលកសិករមានការធ្លាក់ចុះនៅក្នុងបរិបទកូវីដ១៩
របាយការណ៍ស្រាវជ្រាវមួយស្តីអំពីផលប៉ះពាល់នៃកូវីដ១៩ទៅលើកសិករបានបង្ហាញថា នៅជុំទី១អំឡុងពីខែមករាដល់ខែមេសាកន្លងទៅ ចំណូលពីការធ្វើកសិកម្មបានធ្លាក់ចុះជាបន្តបន្ទាប់។ ពីចំណូលជិត៣០០ដុល្លាក្នុងខែមករា មកត្រឹមតែជិត២០០ដុល្លាប៉ុណ្ណោះក្នុងខែមេសា សម្រាប់កសិករម្នាក់ៗ។ ការធ្លាក់ចុះនេះ គឺដោយសារបញ្ហានៃជំងឺកូវីដ១៩ ដែលបង្ខំចិត្តឲ្យកសិករធ្វើកសិកម្មតែសម្រាប់ហូប ជាជាងធ្វើកសិកម្មសម្រាប់លក់។
ចុះផ្សាយនៅថ្ងៃ៖
ការសិក្សាស្រាវជ្រាវមួយស្តីអំពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃកូវីដ១៩ទៅលើកសិករ បានបង្ហាញជាលទ្ធផលថា វិស័យកសិកម្មបានរងនូវការប៉ះពាល់យ៉ាងខ្លាំង នៅក្នុងស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ១៩។ គិតពីខែមករាដល់ខែមេសា ផលិតកម្មកសិផលរួមមាន ដំឡូងមី ដំណាំបន្លែផ្លែឈើ និងផលនេសាទ ការកាប់អុស មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ លើកលែងតែដំណាំស្រូវ និងរបរចិញ្ចឹមសត្វប៉ុណ្ណោះ នៅតាមបណ្តាខេត្តមានដូចជា សៀមរាប កំពត ស្វាយរៀង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនអង្គរស្រាវជ្រាវ រួមជាមួយនឹងវេទិការអនាគត។
ការធ្លាក់ចុះនៃផលិតកម្មកសិកម្មនេះបានធ្វើឲ្យចំណូលរបស់កសិករម្នាក់ៗក្នុងមួយខែ ធ្លាក់មកត្រឹម១៩៥ដុល្លា បើធៀបនឹងចំណូល២៨៣ដុល្លាកាលពីខែមករា មានការធ្លាក់ចុះ៣០%។ នៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ស្របនឹងតម្លៃនៃកសិផលមានការបន្ទាបតម្លៃផងនោះ ប្រជាកសិករបានងាកមកធ្វើកសិកម្មតែសម្រាប់ហូបមានការកើនឡើង ខុសពីការធ្វើកសិកម្មសម្រាប់លក់ ពោលគឺការធ្វើកសិកម្មសម្រាប់តែហូបមានកំណើន១០%ត្រឹមរយៈពេល៤ខែ ដែលនេះអាចជាសញ្ញាព្រួយបារម្ភ និងអវិជ្ជមានមួយដល់ចំណូលពីវិស័យកសិកម្ម។
តែយ៉ាងណាមិញ បើតាមការសិក្សានោះ ផលដំណាំស្រូវ និងតម្លៃស្រូវបានបង្ហាញពីផលវិជ្ជមានដល់កសិករ ដោយក្នុងនោះកំណើនក្នុងរយៈពេលបួនខែ ដំណាំស្រូវមានការកើនឡើង៥១% ព្រមទាំងទទួលផលចំណេញពីកសិផលកើនឡើងប្រមាណ៩៨%ផងដែរ។
ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័តចំបង ខណៈដែលវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងសេវាកម្ម បានធា្លក់ចុះយ៉ាងគំហុក។
គួរជ្រាបថា វិស័យកសិកម្មជាផ្នែកមួយដ៏សំខាន់នៅក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ដោយក្នុងប្រមាណ២២%នៃGDPគឺបានមកពីវិស័យកសិកម្ម។ នេះបើតាមរបាយកាណ៍របស់ធនាគារពិភពលោក World Bank៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ