កម្ពុជា-ហុងគ្រី

ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លងCovid-19 មិនអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ហុងគ្រី

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó © FB

​នៅ​ថ្ងៃ​ទី​ ​១​២​ ​ខែវិច្ឆិកា​នេះ​ ​គឺ​ចូល​ដល់​ថ្ងៃ​ទី​១​០​ហើយ​ ​ដែល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ ​លោក​ ​ប្រាក់​ សុ​ខុន​ ​បាន​ទទួល​ជួប​ប្រាស្រ័យ​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ​P​é​t​e​r S​z​i​jjár​t​ó ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។​ ​នៅ​ថ្ងៃនេះ​ ​លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ ​បាន​បញ្ចេញ​សារ​មួយ​ ​ដោយ​បាន​ថ្លែង​ការពារ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ដែល​មក​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​ដល់​មន្ត្រី​កម្ពុជា​ពេលនេះ​ថា​ ​គឺជា​ឧប្បត្តិហេតុ​ ​ហើយ​វា​មិន​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ឡើយ​ ​ខណៈ​រដ្ឋ​ម​ន្រ្តី​រូប​នេះ​បាន​ជួយ​ប្រឆាំង​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​២​០​ភាគរយ​ពី​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

«គេមិនត្រូវភ្លេចទេថា លោក Szijjártóគឺជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយរូប ដែលតែងតែហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា»។ ទាំងនេះគឺជាសាររបស់ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅថ្ងៃទី ១២ វិច្ឆិកានេះ ដោយបានចាត់ទុកថា «ឧប្បត្តិហេតុនៃការចម្លងCovid-19 នៅកម្ពុជាពេលនេះ មិនអាចធ្វើឱ្យប៉ះពាល់ ឬសាបរលាបបំណងល្អ សេចក្តីថ្លៃថ្នូរ ដែលដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártóដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»

គួរជំរាបជូនថា ការចេញមុខមកការពាររដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ គឺបន្ទាប់ពីមានការអត្ថាធិប្បាយចម្រុះជុំវិញដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាដែលបានចម្លងជំងឺកូវីដ១៩ដល់មន្ត្រីជាន់ខ្ពស់កម្ពុជាពីររូប និងអង្គរក្សមួយរូប ខណៈអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាង១ពាន់នាក់ត្រូវបានយកសំណាកទៅធ្វើតេស្តក្នុងនោះក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាផងដែរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលពេលនេះកំពុងដាក់ខ្លួនអោយនៅដាច់ដោយឡែកនៅក្នុងផ្ទះដែលនោះ បាន​លើកឡើងក្នុងទំព័រហ្វេស​ប៊ុក​របស់​លោកនៅថ្ងៃព្រហស្បតិ៍នេះថា តាមរយៈការសន្ទនា​តាមទូរសព្ទ លោក​​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី Péter Szijjártó បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង និងបានផ្ញើនូវសុំអភ័យទោស​ដែលលោកបានបង្កផល​លំបាកដល់កម្ពុជា ពាក់ព័ន្ធនឹងការចម្លងជំងឺកូវីដ​១៩នេះ។ លោក ប្រាក់ សុខុន បានបន្តថា រដ្ឋមន្ត្រីការបរទេសហុងគ្រីបានអះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនពេលលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះ គឺអវិជ្ជមាន។ តែយ៉ាងណាលោកថា រូប​លោក Péter Szijjártó ត្រូវ​បានផ្សព្វផ្សាយយ៉ាងល្បីល្បាញ​ក្នុងបណ្តាញសង្គមនៅកម្ពុជា និង​​​មាន​​ការធ្វើអត្ថាធិប្បាយបែបចម្រុះ ស្តីពី ដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញនេះ។

ដោយឡែក ទាក់ទងនឹងស្ថានភាពសុខភាពរបស់លោកផ្ទាល់វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានអោយដឹងថា គិត​មកដល់ថ្ងៃទី ១២ វិច្ឆិកានេះ គឺមានរយៈពេល១០ថ្ងៃមក​ហើយ ដែលលោកបានទទួលជួបប្រាស្រ័យ​ការងារជាមួយ​រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលបានមកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ហើយបច្ចុប្បន្ន​ស្ថានភាពសុខភាពរបស់​លោកមានសភាពល្អ​ធម្មតា និង​មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI