កម្ពុជា៖ ព្រឹត្តិការណ៍៣វិច្ឆិកា បង្ខំឲ្យកីឡា២ប្រភេទ ត្រូវពន្យារពេល
ចុះផ្សាយនៅថ្ងៃ៖
កីឡា២ប្រភេទរបស់កម្ពុជាត្រូវបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារព្រឹត្តការណ៍៣វិច្ឆិកា ។ ដោយឡែក ការហ្វឹកហ្វឹនសមត្ថភាពកីឡាករដែលគ្រោងធ្វើនៅប្រទេសចិន អាចនឹងធ្វើឡើងនៅឆ្នាំក្រោយតាមគម្រោងដដែល ប៉ុន្តែត្រូវរង់ចាំមើលស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ១៩ជាមុនសិន។ នេះ បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃសុក្រ ទី១៣ វិច្ឆិកានេះ។
កីឡា២ប្រភេទដែលបានផ្អាកនោះ រួមមានកីឡាប្រភេទរត់និងប្រភេទកីឡាវាយសី ដោយបានផ្អាកការហ្វឹកហ្វឺនសមត្ថភាពកីឡាករជាបណ្តោះអាសន្ន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ការផ្អាកការហ្វឹកហាត់នេះ កើតមានឡើងដោយសារ ពហុកីឡាដ្ឋានជាតិត្រូវបិទជាបណ្តោះអាសន្ន ហើយរំពឹងថានឹងអាចបើកឡើងវិញនាពេល២សប្តាហ៍បន្ទាប់។
សូមជម្រាបថា ដោយសារព្រឹត្តិការណ៍០៣វិច្ឆិកា កម្មវិធីកីឡារបស់កម្ពុជាត្រូវបានពន្យារពេល ក្នុងនោះមាន ការប្រកួត AFC U-19 Championship ពូល A នៅប្រទេសអ៊ូសបេគីស្ថាន Uzbekistan ដែលត្រូវបានបន្តពន្យារពេលរហូតដល់ខែមីនា ឆ្នាំ២០២១ និងការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ក៏ត្រូវលើកពេលទៅប្រកួតនាអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០វិញ ជាដើម។
លោកបញ្ជាក់ដែរថា ការផ្អាកការហ្វឹកហ្វឺននេះ គឺមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសមត្ថភាពរបស់កីឡាករកម្ពុជានោះទេ ពីព្រោះបើទោះបីជាពួកគេមិនបានហ្វឹកហាត់នៅក្នុងពហុកីឡាដ្ឋានជាតិក៏ពិតមែន ក៏ពួកគេបានទៅហ្វឹកហាត់នៅតាមទីសាធារណៈនានាដែរ។
ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពកីឡាករកម្ពុជានេះដែរ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡាករកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចួលរួមហ្វឹកហាត់សមត្ថភាពនៅប្រទេសចិន នាពេលខាងមុខ។ បើតាមការគ្រោងទុក កម្ពុជាអាចនឹងចូលរួមហ្វឹកហាត់សមត្ថភាពនៅប្រទេសចិន នៅអំឡុងខែឧសភាឬកក្កដាឆ្នាំ២០២១ខាងមុខ ប្រសិនបើស្ថានភាពកូវីដ១៩មានភាពប្រសើរឡើង និងបន្ថែមដោយការពិនិត្យលើលក្ខណៈ និងស្ថានភាពជាក់ស្តែងយ៉ាងហ្មត់ចត់ ពីភាគីកម្ពុជានិងចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ