កម្ពុជា-សង្គម

កម្ពុជា និងជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋខ្មែរឲ្យចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍

លោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ ប្រធានក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន
លោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ ប្រធានក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន © FB

ក្រសួង​ទេសចរណ៍​ និង​ក្រុមហ៊ុន​ជប៉ុន​ មួយ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ កាល​ពី​ម្សិលមិញ​ ស្ដី​ពី​ការ​អភិវឌ្ឍ​ខ្សែ​ក្រវាត់​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ​ដើម្បី​ជួយ​កសិករ​ខ្មែរ​ឲ្យ​ចេះ​ ដាំ​បន្លែ​តាម​បច្ចេកទេស​ទំនើប​របស់​ជប៉ុន​។  ជា​កិច្ច​សហការ​ដើម្បី​ទទួល​បាន​កសិផល​ដែល​មាន​គុណភាព​ និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​តម្រូវការ​ម្ហូប​អាហារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​ទៀត​ផង​។

ផ្សាយពាណិជ្ជកម្ម

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមាន ក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ នេះបើតាមហ្វេសប៊ុកផ្លូវការ​របស់​ក្រសួង​ទេស​ចរណ៍។

បើតាមក្រសួងដដែល គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។

គម្រោងនេះនឹងចាប់អនុវត្តចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រ ដូចជា ស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះទៅ គម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។

បន្លែដែលនឹងដាំដុះដំបូងមាន ប្រមាណ ១០ មុខ ភាគច្រើនដែលជាបន្លែដាំលើដី រយៈពេលខ្លី និងអាស្រ័យទៅតាមតំបន់ដែលអំណោយផងដល់ដំណាំនីមួយៗ។

នៅពេលឈានដល់ការនាំចេញទៅប្រទេសជប៉ុន មុខបន្លែដែលត្រូវដាំ គឺជាបន្លែដែលប្រទេសជប៉ុនដាំដុះមិនបាន ឬនៅតាមរដូវ។ ឧទាហរណ៍ដូចជានៅរដូវត្រជាក់ខ្លាំង ប្រទេសជប៉ុនមិនអាចដាំប៉េងបោះបានឡើយ ប៉ុន្តែនៅកម្ពុជាអាចដាំដុះបាន ដូច្នេះដំណាំដែលប្រជាកសិករខ្មែរត្រូវដាំគឺប៉េងបោះ ហើយក្រុមហ៊ុននឹងជូនដំណឹងអំពីតម្រូវការនៅប្រទេសជប៉ុនប្រាប់ដល់កសិករខ្មែរ។

បើតាម លោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន រ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេស ពិសេសគឺប្រទេសជប៉ុន។ មូលហេតុដែលប្រជាជនជប៉ុនបានចាប់អារម្មណ៍ខ្លាំងលើបន្លែ និងដំណាំផ្សេងៗនៅកម្ពុជា គឺដោយសារតែ​មិនសូវប្រើជីគីមី ដែលពលរដ្ឋ​ជប៉ុនមានការជឿទុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI