កម្ពុជា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ

CCHR៖ អាជ្ញាធរ​មិន​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​អ្នក​តវ៉ា​ប្រើប្រាស់​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នៅ​ទី​សាធារណៈ​​ឡើយ

រូបតំណាង
រូបតំណាង RFI/Vann Sokunthea

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ម្សិលមិញនេះ មាន​ស្ត្រី​អ្នក​តវ៉ា​ប្រហែល​ជា​២០​នាក់ ដែល​ជា​សាច់ញាតិរ​បស់អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ព្រះអង្គ​ដង​កើ​ពី​មុខ​ព្រះបរមរាជវាំង ដើម្បី​បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះលែង​ប្តី​និង​ឪពុក​របស់​ពួកគេ។ អ្នក​តវ៉ា ក៏​មាន​បំណង​ដាក់​ញត្តិ​ទៅ​កាន់ព្រះបរមរាជវាំង​ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ដែរ ប៉ុន្តែ​ត្រូវ​បាន​រារាំង។ 

ផ្សាយពាណិជ្ជកម្ម

គួរ​កត់​សំគាល់​ជូនថា នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​អាជ្ញាធររាជ​ធានីភ្នំពេញ បាន​រារាំង​សកម្មភាពតវ៉ា​របស់​ក្រុម​ស្ត្រី​ប្រហែល​ជា​២០​នាក់ ដែល​សុទ្ធសឹង​ជា​ភរិយា​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ កាលពីថ្ងៃទី ០៦ វិច្ឆិកា កន្លងទៅ ពួកគេ​ក៏​ត្រូវ​បាន​សន្តិ​សុខ​ខណ្ឌរារាំង និង​ទប់​ស្កាត់​សកម្មភាព​តវ៉ា​របស់​ពួក​គេ មិន​អោយ​យក​ញត្តិ​ទៅ​ដាក់​នៅ​ព្រះបរមរាជវាំង ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​កម្ពុជា​ផងដែរ បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ដោយ​ឡែក​នៅ​ក្នុង​សកម្មភាព​តវ៉ា​មួយ​ទៀត កាល​ពី​ថ្ងៃ សុក្រ ទី១៣ វិច្ឆិកា អ្នក​តវ៉ា​ជា​ស្ត្រីទាំង​២០​នាក់ ក៏​មាន​បំណង​ដាក់​ញត្តិ​ទៅ​កាន់​ព្រះបរមរាជវាំង​ជាលើកទី​២ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​រារាំង។ សកម្មភាព​នេះ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចាត់​ទុ​ក​ថា អាជ្ញាធរ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​អ្ន​កតវ៉ា​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នៅ​ទី​សាធារណៈ​នោះ​ឡើយ ដោយ​សំអាង​ថាកំពុង​មាន​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស ខណៈ​តំណាង​ព្រះបរមរាជវាំង ក៏​បាន​ណែ​នាំពួក​គេ​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ព្រឹទ្ធសភា ឬ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជំនួស​វិញ។ នេះ​បើ​តាមមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

គួរជំរាបជូនថា ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​២០២០មក ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ប្រឆាំង ត្រូវ​បាន​អូស ទាញ ទាត់ និងវាយដំ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ បាន​តវ៉ា​ដោយ​សន្ដិវិធី ដើម្បីអំពាវនាវ​អោយ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គេ ដែល​គិត​មក​ទល់​ពេល​នេះ មាន​អតីត​សមាជិកគណបក្ស​សង្គ្រោះជាតិ​ជិត​៣០​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ កាល​ពី​ថ្ងៃ​ទី ១៤ សីហា ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​នៅ​កម្ពុជា ក៏​បាន​កត់​សំគាល់​ដែរ​ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រើប្រាស់​កម្លាំង​ហួស​ប្រមាណ​ដើម្បី​ទប់ទល់​នឹង​ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​យុវជន​កម្ពុជា បើ​ទោះ​បី​ជា​ការ​ជួប​ប្រជុំ​នោះ ធ្វើ​ឡើង​ដោយ​សន្តិ​វិធី​ក្តី។

ការិយាល័យ​នេះ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា គោរព​សិទ្ធិ​របស់​អ្នក​តវ៉ា​ក្នុង​ការ​ជួប​ប្រជុំ និង​ឲ្យ​ការពារ​អ្នក​ដែល​ប្រើប្រាស់​សិទ្ធិ​ជួប​ប្រជុំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI