កម្ពុជាផ្តល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យឲ្យឡាវ ដើម្បីប្រយុទ្ធនឹងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសផ្តល់ម៉ាសជាង ២លានម៉ាស និងបរិក្ខារពេទ្យផ្សេងទៀត ទៅឲ្យប្រទេសឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការប្រកាសបរិច្ចាគនេះ ធ្វើឡើង ក្រោយពីនាយករដ្ឋមន្ត្រីឡាវបានទូរស័ព្ទសួរសុខទុក្ខ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលលោកកំពុងធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលប្រឆាំងកូវីដ១៩។
បើតាមសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមនឹងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំប្រតិភូកម្ពុជានាំយក អំណោយម៉ាស និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាលឡាវ នាថ្ងៃទី១៦ ខែវិច្ឆិកា។
អំណោយរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឲ្យប្រទេសឡាវនាពេលនេះ រួមមានជាង១០មុខ ដែលមានម៉ាសជាង២លាន១សែន២ម៉ឺនម៉ាស អមជាមួយបរិក្ខារពេទ្យផ្សេងៗទៀត ដែលប្រើនៅក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ដូចជាវែនតាសុវត្ថិភាព សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល និងឧបករណ៍ជំនួយការដកដង្ហើមជាដើម។
ការប្រកាសផ្តល់ម៉ាស និងបរិក្ខារពេទ្យពីភាគីកម្ពុជានាពេលនេះ គឺធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីឡាវ លោក ថងលុន ស៊ីសុលីត បានហៅទូរស័ព្ទសួរសុខទុក្ខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ តាមរយៈលិខិតមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រីឡាវ, លោក ហ៊ុន សែន ចាត់ទុកកាយវិការរបស់នាយករដ្ឋមន្ត្រីឡាវនាពេលនេះថា បានបង្ហាញអំពីទំនាក់ទំនងដ៏ពិសេស និងមិត្តភាពដ៏ជិតស្និទ្ធក្នុងភាពជាបងប្អូនរវាងប្រទេសទាំងពីរ។
សូមជម្រាបជូនថាបច្ចុប្បន្នប្រទេសឡាវ មានឆ្លងករណីកូវីដ១៩សរុបចំនួន២៤នាក់ និងមានមនុស្ស២៣នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានអ្នកស្លាប់នោះទេ។ ធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ឡាវមានអ្នកឆ្លងកូវីដ១៩តិចជាងគេ ខណៈដែលកម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួនជាង៣០០នាក់ ច្រើនជាងឡាវ និងព្រុយណេ។ ចំណែកឥណ្ឌូនេស៊ីមានករណីឆ្លងសរុបជាង៤សែន៤ម៉ឺននាក់ ច្រើនជាងគេក្នុងចំណោមបណ្តាសមាជិកអាស៊ាន។ គិតក្នុងដើមសប្តាហ៍នេះ អាស៊ានមានករណីឆ្លងកូវីដ១៩លើសពី១លាននាក់ និងមានអ្នកស្លាប់ជាង២ម៉ឺន៤ពាន់នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ