កម្ពុជា អាមេរិក

មូលដ្ឋានទ័ពជើងទឹករាម៖ កម្ពុជា-អាមេរិក ប៉ះសម្តីគ្នានៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៥

កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែវិច្ឆិកា
កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែវិច្ឆិកា © ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សហរដ្ឋអាមេរិក​ ​នៅតែ​មានការ​ព្រួយបារម្ភ​ ​ជុំវិញ​ព័ត៌មាន​ដែល​ថា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កងទ័ពជើងទឹក​បរទេស​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។​ ​នេះ​ជា​ការ​អះអាង​របស់​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១​៥​ ​កាលពី​ថ្ងៃម្សិលមិញ​។​ ​ភ្លាម​ៗ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ​កម្ពុជា​បាន​ធ្វើការ​ឆ្លើយតប​ជាថ្មី​ ​ដោយ​លើកឡើង​ថា​ ​កម្ពុជា​ហាម​ដាច់ខាត​នូវ​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើទឹក​ដី​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

​“​សហរដ្ឋអាមេរិក​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​ផែនការ​របស់​កម្ពុជា​ ​នៅ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ ​សម្រាប់​កងទ័ពជើងទឹក​បរទេស​ ​និង​បុគ្គលិក​របស់​គេ​ ​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ​នៅ​ឈូងសមុទ្រ​ថៃ​”​។​ ​នេះ​គឺជា​ការ​អះអាង​របស់​លោក​ រ៉ូ​បឺត​ ​អូ​ប្រាយ​អិ​ន​ ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១​៥​ ​ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ ​នា​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​។​ ​លោក​បន្ថែម​ថា​ ​វត្តមាន​កងទ័ពជើងទឹក​បរទេស​នៅ​កម្ពុជា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ ​នៃ​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ ​ការ​លើក​ក​ម្ពស់​សុវត្ថិភាព​នាវាចរណ៍​ ​និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ​និង​ការហោះហើរ​នៅ​ក្នុង​តំបន់​។​

​លោក​ ​អូន​ ​ព័ន្ធ​មុន្នី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ ​បាន​ប្រតិកម្ម​តប​ ​និង​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​មន្ត្រី​អាមេរិក​រូប​នេះ​។​ ​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​នេះ​។​

​លោក​ ​អូន​ ​ព័ន្ធ​មុន្នី​រ័ត្ន ​លើកឡើង​ថា​ ​លោក​ចាំបាច់​ត្រូវតែ​ឆ្លើយតប​ពីព្រោះ​ការចោទប្រកាន់​ម្ដង​ហើយ​ម្ដងទៀត​ ​និង​ការ​ផ្សព្វផ្សាយ​រឿង​ ​ដែល​គ្មាន​មូលដ្ឋាន​បែប​នេះ​ ​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ជឿ​ទុកចិត្ត​គ្នា​ ​និង​បង្ក​អរិភាព​ ​រវាងប្រទេស​កម្ពុជា​ ​និង​ប្រទេស​ក្នុង​តំបន់​។​ ​លោក​បន្ថែម​ថា​កម្ពុជា​ ​គ្មាន​ ​ហើយ​ថ្ងៃមុខ​ក៏​នឹង​ពុំ​មាន​ដែរ​នៅ​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​ ​នៅ​លើទឹក​ដី​របស់​ខ្លួន​។​

​ការលើកឡើង​របស់​មន្ត្រី​អាមេរិក​ជាថ្មី​នេះ​ ​គឺ​នៅ​បន្ទាប់ពី​មានការ​វាយ​ក​ម្ទេ​ច​អគារ​ ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​ ​នៅ​មូលដ្ឋានទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ថា​ ​ការ​វាយ​ក​ម្ទេ​ច​អគារ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋានទ័ព​ជើងទឹក​រាម​ ​ឲ្យ​សមស្រប​ទៅតាម​តម្រូវ​ការ​ជាក់ស្តែង​របស់​ទីបញ្ជាការ​សន្តិសុខ​ ​លំហសមុទ្រ​កម្ពុជា​។​

​លោក​ ​អូន​ ​ព័ន្ធ​មុន្នី​រ័ត្ន ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ជំនួស​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី​១​៥​ ​បាន​ពន្យល់​ទៅកាន់​មន្ត្រី​អាមេរិក​ទៀត​ថា​ ​ក្នុងនាម​ជា​ប្រទេស​មួយ​ ​ដែល​មាន​អធិបតេយ្យ​ ​និង​ឯករាជ្យ​ ​បូរណភាពទឹកដី​ពេញលេញ​ ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ ​ក្នុង​ការ​កែលំអ​រ​ ​មូលដ្ឋាន​កងទ័ពជើងទឹក​ ​កំពង់ផែ​ ​ឬ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នាវាចរណ៍​របស់​ខ្លួន​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​

​លោក​អះអាង​បន្ត​ថា​ដោយហេតុ​ផល​នេះ​ហើយ​ ​ទើប​មជ្ឈមណ្ឌល​សមុទ្រ​របស់​កម្ពុជា​នៅ​ឯ​មូលដ្ឋានទ័ព​ជើងទឹក​រាម​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី​ ​ប៉ុន្តែ​ក៏​នៅតែ​ស្ថិត​ក្នុង​តំបន់​គម្រោង​ជាមួយគ្នា​ផ្ទុយ​ស្រឡះ​ពី​ការចោទប្រកាន់​ ​ដែល​ថា​មជ្ឈមណ្ឌល​នេះ​ត្រូវ​បិទចោល​។​ ​បើ​តាម​លោក ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​នានា​ ​រួម​ទាំង​អាមេរិក​ផង​ ​ដរាបណា​ជំនួយ​នេះ​ ​មិន​រារាំង​កម្ពុជា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI