គណបក្សនយោបាយចំនួនបី គ្រោងបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដើម្បីចូលរួមការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
គណបក្សនយោបាយចំនួនបី គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។ សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៣នេះ មានឈ្មោះថា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ)។
បើតាមគម្រោង «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ(ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS (A.K.D)»នេះ នឹងមានលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យធ្វើជាប្រធាន និងមានលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាអនុប្រធាន និងលោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ ធ្វើជាអគ្គលេខាធិការ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ បានឆ្លងកាត់ការពិភាក្សានិងឯកភាពគ្នារួចរាល់ហើយលើលក្ខន្តិកៈនិងគោលនយោបាយនៃសម្ព័ន្ធភាពរួចហើយ គឺនៅសល់តែការប្រកាសជាផ្លូវការតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីតំណាងគណបក្សនយោបាយទាំង៣។
ដោយឡែក បើតាមការបញ្ជាក់ពីលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គឺនៅក្នុងគោលបំណងបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ។ ហើយគណបក្សនយោបាយទាំងបី មានគោលដៅដូចគ្នា គឺរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅឆ្នាំ២០២៣។ យ៉ាងណាក្តី ការចងសម្ព័ន្ធភាពនេះ គឺគណបក្សនយោបាយទាំងបី មិនច្របាច់បញ្ចូលគ្នានោះទេ ដោយគណបក្សនយោបាយនីមួយៗ រក្សាទុកនៅដដែល។ ការធ្វើបែបនេះ គឺដើម្បីបើកចំហរឲ្យគណបក្សនយោបាយផ្សេងទៀត អាចចូលរួមនៅក្នុងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះបាន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ម៉ម សូណង់ដូ។
គួរជំរាបជូនថា បើតាមគម្រោង សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គ្រោងនឹងប្រកាសជាផ្លូវការនៅដើមខែវិច្ឆិកានេះ ក៏ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ១៩ គម្រោងប្រកាសបង្កើតសម្ព័ន្ធភាព៣គណបក្សនយោបាយនេះ ត្រូវពន្យាពេលរហូតដល់ដើមខែធ្នូ ឆ្នាំ២០២០ ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ