កម្ពុជា កូរ៉ូណាវីរុស

ក្រុមហ៊ុន KrisEnergy ស្នើ​សុំពន្យារពេល​បូមប្រេង​នៅ​កម្ពុជា​ដោយ​សារ​តែកូ​វីដ១៩

រូបភាពម៉ូលដែលកន្លែងបូបប្រេងរបស់ក្រុមហ៊ុន KrisEnergy
រូបភាពម៉ូលដែលកន្លែងបូបប្រេងរបស់ក្រុមហ៊ុន KrisEnergy © KrisEnergy

ក្រុមហ៊ុន KrisEnergy កាល​ពីថ្ងៃទី១១វិច្ឆិកា បាន​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ពន្យារពេល​បូម​ប្រេង​ជាលើក​ដំបូង​នៅកម្ពុជា ដែល​តាម​ផែនការ​គ្រោង​បូម​នៅ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០២០​នេះ។ មូលហេតុ​ដែល​ក្រុម​ហ៊ុន​របស់​សិង្ហបុរី​មួយ​នេះ ពន្យារ​ពេល​ម្តងហើយ​ម្តងទៀត ក្នុងការ​ទាញ​យក​តំណក់​ប្រេងជា​លើក​ដំបូង​របស់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ក្រុម​ហ៊ុនសំអាង​ថា​មក​ពី​បញ្ហា​កូវីដ​១៩​នៅ​មិន​ទាន់​ចប់។

ផ្សាយពាណិជ្ជកម្ម

បើយោង​តាម​កិច្ច​សន្យា ការទាញយក​តំណក់​ជា​លើក​ដំបូង​គួរ​តែ​ផលិត​បាន​តាំង​តែ ខែ​មិថុនា ឆ្នាំ​២០២០ នេះ​ មកម្លេះ តែ​ដោយ​សារ​វិបត្តិ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យារ​ឲ្យ​ក្រុម​ហ៊ុន​រហូត​ដល់​ថ្ងៃទី​ ៣១​តុលា។ បន្ទាប់​មកទៀត ដោយ​សារ​ភាពយឺត​យ៉ាវ​នៅ​តែបន្ត រដ្ឋាភិបាល​បាន​ដាក់​កំហិត​ថា​បើ​បូម​ប្រេង​មិន​បាន​នៅ​ថ្ងៃទី​៣១​ខែ​ធ្នូ ២០២០ នេះ​ទេ រដ្ឋ​អាច​នឹង​ផ្អាក​អាជ្ញាបណ្ណ​រុករក​ប្រេង​របស់​ក្រុម​ហ៊ុន​នេះ ឬ​ផាក​ជា​ពិន័យផ្សេងៗ​ទៀត​​។

តែនៅ​ក្រោម​ហេតុផល​កូវីដ១៩​នៅ​មិន​ទាន់​ចប់ ក្រុមហ៊ុន KrisEnergy បាន​សុំពន្យារ​ពេល​បន្ត​ទៀត​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០២១។​ ប៉ុន្តែ​ការ​អភិវឌ្ឍ​នៅ​តែ​បន្ត ដែល​មាន​ការ​ដំឡើង​ស្ថានីយ៍ និង​ក្បាល​អណ្តូង​បូម​ប្រេង​រួច​រាល់​នៅ​ទីតាំង​ប្លុក​អេ ខណៈ​ការ​ប៉ាន់​ស្មាន អណ្ដូង​ប្រេង​នេះ​នឹង​អាច​បូម​ប្រេង​បាន​ដល់ ៧,៥០០បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន Kris Energy របស់សិង្ហបុរីនេះបាន​ចុះ​កិច្ច​ព្រម​ព្រៀងជា​មួយ​កម្ពុជា កាល​ពី​ឆ្នាំ ២០១៧ សម្រាប់​ការ​អភិវឌ្ឍន៍ អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុង A នៃ​ដែន​សមុទ្រ​កម្ពុជា​។ គឺបន្ទាប់ពី​ក្រុម​ហ៊ុនយក្ស​របស់​អាមេរិក​ឈ្មោះ Chevron បានដកខ្លួនចេញ។ ក្រុម​ហ៊ុន​ Kris Energy មាន​ភាគ​ហ៊ុន​៩៥% ខណៈ​ដែល​រដ្ឋាភិបាល​មាន​ទុន៥%។

កាល​ពី​ក្រុមហ៊ុន​Chevron​របស់​អាមេរិក កាន់​កាប់​អាជ្ញា​ប័ណ្ណ​រុក​រក​ប្រេង គេ​បាន​រក​ឃើញ​ប្រេង និង​ឧស្ម័ន​ហ្គាស​នៅ​ប្លុក A មាន៤អណ្តូងដែល​ស្ថិត​នៅ​ចម្ងាយ ១៦០​ គីឡូ​ម៉ែត្រ​ពី កំពង់ផែ​ខេត្ត​ព្រះសីហនុ។

តែ​បើតាម​មន្ត្រីក្រសួងរ៉ែ និងថាមពល ​កម្ពុជា​មាន​អណ្តូង​ប្រេង​ដែល​អាច​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ចំនួន​២៥​ប្លុក ក្នុង​នោះ​នៅ​លើ​ដីគោក​ចំនួន​១៩​ប្លុក និង​នៅ​ក្នុង​ទឹក​មាន​ចំនួន​៦ប្លុក និង​៤តំបន់​ទៀត​ជា​តំបន់​ត្រួត​គ្នា​ជាមួយ​ប្រទេស​ថៃ​។ ក្នុង​ចំណោម​ប្លុក ដែល​កំណត់​ឲ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទាំង​អស់ មាន​តែ​ប្លុក​A មួយ​ទេ ដែល​មាន​កិច្ច​ព្រម​ព្រៀង និង​កំពុង​ប្រតិបត្តិ​ការ​ស្វែង​រុក​រក​ប្រេង​កាត ដោយ​ក្រុម​ហ៊ុន​ក្រុមហ៊ុន Kris Energy របស់សិង្ហបុរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI