កម្ពុជា-នយោបាយ

ខួប៣ឆ្នាំការរំលាយCNRP៖លោកសម រង្ស៊ី បន្តទាមទារឱ្យដំណើរការបក្សឡើងវិញ និងទម្លាក់បទចោទលោកកឹម សុខា

ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​-ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ គឺ​រយៈពេល​៣​ឆ្នាំ​គត់​ដែល​បក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​។ នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក​សម រង្ស៊ី ​បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ស្រុក​បារាំង​រំឮក​ព្រឹត្តិការណ៍​រំលាយ​បក្ស​ប្រឆាំង​នេះ​ និង​ បាន​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ដំណើរ​ការ​ឡើងវិញ​ និង​បាន​ទាមទារ​ផង​ដែរ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា ​ប្រធាន​អតីត​បក្ស​សង្រ្គោះជាតិ​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត លោកសម រង្ស៊ី ប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិបានយកថ្ងៃខួប៣ឆ្នាំនៃការរំលាយបក្សប្រឆាំងវាយប្រ​ហារទៅលើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលោកសម រង្ស៊ី បានចោទប្រកាន់​ថា ជាអ្នករំលាយបក្សសង្រ្គោះជាតិ ក្រោមហេតុផលខ្លាចបក្សនេះដណ្តើមបានជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០​១៨។ នៅក្នុងវីដេអូឃ្លីបជាង១១នាទីលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី បានលើកឡើងថា ការរំលាយបក្សស​ង្រ្គោះជាតិ គឺជាដើមហេតុនៃការកើតមានវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជានារយៈពេល៣ឆ្នាំកន្លងមកនេះ។

សម្រាប់លោកសម រង្ស៊ី វិបត្តិនយោបាយនេះ គឺមិនអាចដោះស្រាយបានទេ ដរាបណាគណបក្សសង្រ្គោះជាតិមិនអាចដំណើរការឡើងវិញ។​ ជាមួយគ្នានេះ លោកក៏បានប្រកាសមិនទទួលស្គាល់ការរំលាយគណបក្សសង្រ្គោះជាតិ ហើយទាមទារឱ្យមានវិធានការជាក់ស្តែង ដើម្បីបើកផ្លូវឱ្យគណបក្សប្រឆាំងបានដំណើរការឡើងវិញ និង ប្រគល់តំណែងដល់សមាជិកអតីតគណបក្សប្រឆាំងទាំងអស់។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាបានចាត់ទុកការរំលាយអតីតបក្សប្រឆាំងនេះ គឺជារឿងត្រឹមត្រូវ។ លោកបានគូសបញ្ជាក់ថា តាំងពីអតីតបក្សប្រឆាំងត្រូវរំលាយចោលដោយតុលាការកំពូលមក​  គឺកម្ពុជាធ្វើដំណើរទៅមុខដោយរលូនគ្មានឧបសគ្គដូចមុនទៀតទេ​។ បន្ថែមលើនេះ លោកសុខ ឥសាន ក៏បានសង្កត់ធ្ងន់ដែរថា គណបក្សប្រជាជនកម្ពុជាចាត់ទុកអតីតបក្សប្រឆាំងជាក្រុមឧទ្ទាមក្រៅច្បាប់​ដែលមិនអាចមានការស្រុះស្រួលជាមួយគ្នាបានឡើយ។

គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលកម្ពុជាបានសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅក្រោមហេតុផលរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ មន្រ្តីបក្សនេះចំនួន១១៨នាក់ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែក លោកកឹម សុខា ដែលជាប្រធានគណបក្សវិញក៏បានត្រូវបានអាជ្ញាធរចាប់ខ្លួន និងបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ បច្ចុប្បន្ន សវនាការលោកកឹម សុខា ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារតែវិបត្តិកូវីដ១៩។ ប៉ុន្តែលោកមានសេរីភាពអាចដើរហើរនៅទូទាំងប្រទេសកម្ពុជាបាន។

លោកសម រង្ស៊ី បានចាត់ទុកការពន្យាពេលសវនាការលោកកឹម សុខា ដោយសារតែបញ្ហាជំងឺកូវីដ១៩នេះថា គ្រាន់តែជាលេសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនតែប៉ុណ្ណោះ។ សម្រាប់លោកសម រង្ស៊ី លោកកឹម សុខា គឺមនុស្សស្អាតស្អំ ហើយលោកបានទាមទារឱ្យមានការទម្លាក់ចោទបទប្រកាន់មកលើលោកកឹម សុខា ។ ការទម្លាក់បទចោទប្រកាន់លោកកឹម សុខា ក៏ដូចជាការដំណើរការអតីតគណបក្សសង្រ្គោះជាតិ និងការរៀបចំការបោះឆ្នោតឡើងវិញ គឺជាដំណោះស្រាយ​ដែលលោកសម រង្ស៊ីយល់ថា នឹងអាចបញ្ចប់បញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI