មន្ត្រី អ.ស.ប ស្នើជាថ្មីឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុកបុកម្នេញដល់អ្នកការពារសិទ្ធមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
ជាថ្មីម្តងទៀត អ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប) ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បានសម្តែងនូវការព្រួយបារម្ភ ចំពោះការបង្ក្រាបទៅលើសង្គមស៊ីវិល និងការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ការលើកឡើងរបស់មន្ត្រី អ.ស.ប ដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន និងសកម្មជនដទៃទៀតកំពុងរងការចោទប្រកាន់ និងឃុំខ្លួននៅឡើយ ខណៈដែលសកម្មជនទាំងអស់នោះ បានធ្វើសកម្មភាពផ្សេងៗគ្នា ដែលអាជ្ញាធរយល់ថាមិនស្របតាមច្បាប់។
«ខ្ញុំមានការព្រួយបារម្ភចំពោះរបាយការណ៍ ដែលអាចជឿទុកចិត្តបានថា មានអ្នកការពារសិទ្ធិមនុស្សយ៉ាងហោចណាស់២១នាក់ បានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេល៣ខែកន្លងមកនេះ»។ នេះគឺជាការលើកឡើងរបស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
ការថ្លែងរបស់លោកស្រី Mary Lawlor ដូច្នេះគឺបន្ទាប់ពីលោកស្រី បានពិនិត្យមើលវីដេអូ ដែលអាចរកបានជាសាធារណៈ ដែលកម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ភាគច្រើនជាស្ត្រី មិនឲ្យប្រើប្រាស់សិទ្ធិរបស់ពួកគេដោយសន្តិវិធី ដែលនេះមិនមែនជាបទល្មើស។
របាយការណ៍ដែលចេញផ្សាយពីទីក្រុងហ្សឺណឺវ ប្រទេសស្វីសនៅថ្ងៃនេះ បានលើកយកករណីមួយចំនួនមកបរិយាយ ដូចជាករណីមេដឹកនាំសហជីពលោក រ៉ុង ឈុន ដែលត្រូវបានចោទប្រកាន់លើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី៣១ខែកក្កដាកន្លងទៅ អ្នកពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ចំនួន១២នាក់ត្រូវអាជ្ញាធរចាប់ឃុំខ្លួន។
ក្រៅពីនេះ មន្ត្រី អ.ស.ប ក៏បានរាប់បញ្ជូលដែរ នូវអ្នកការពារបរិស្ថាន ដែលជាព្រះសង្ឃមួយអង្គ ត្រូវបានអាជ្ញាធរចាប់ផ្សឹក និងការរារាំងមន្រ្តីការពារសិទ្ធិមនុស្សមិនឲ្យមានការថតរូប ខណៈពេលដែលពួកគេឃ្លាំមើលការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាដើម។ ទោះជាមន្ត្រីរដ្ឋាភិបាលបដិសេធ ហើយយល់ថា ការលើកឡើងរបស់មន្ត្រី អ.ស.ប មិនគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏លោកស្រី Mary Lawlor បញ្ជាក់ថាការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរទាំងអស់នេះមកលើសកម្មជន គឺជាលំនាំដដែលៗជាប្រព័ន្ធ ដែលរំលោភបំពានមកលើអ្នកការពារសិទ្ធិមនុស្ស ដោយលោកស្រីអំពាវនាវឲ្យបញ្ឈប់នូវលំនាំនេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ