លោក សុខ ឥសាន៖ «កម្ពុជាតូចហើយក្រីក្រ ប៉ុន្តែចិត្តមិនក្រីក្រទេ»
ចុះផ្សាយនៅថ្ងៃ៖
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានអះអាងថា ការបរិច្ចាកម៉ាសទៅកាន់ប្រទេសឡាវ នៅក្នុងបរិបទកូវីដ១៩ដែលកម្ពុជាមិនទាន់បានចាកចេញឆ្ងាយពីហនិភ័យនៅពេលនេះ គឺមិនប៉ះពាល់ដល់វិសាលភាពនៃកិច្ចការងារទប់ស្កាត់ជំងឺកូវីដនៅក្នុងប្រទេសនោះឡើយ។ ការបញ្ជាក់របស់លោក គឺបន្ទាប់ពីកម្ពុជា បានផ្តល់ម៉ាសជាង ២លានម៉ាស ឲ្យទៅប្រទេសឡាវនៅថ្ងៃទី១៦វិច្ឆិកានេះ។
ការបរិច្ចាកម៉ាសចំនួនជាង២លានម៉ាស រួមនឹងសម្ភារៈពេទ្យឲ្យទៅប្រទេសឡាវនៅពេលនេះ ត្រូវបានគេចោទសួរថា ហេតុអ្វីបានជាកម្ពុជាផ្តល់ម៉ាសដល់ឡាវនៅពេលដែលខ្លួនកំពុងត្រូវការជំនួយពីគេដែរនោះ។ ចំណុចគួរកត់សម្គាល់ផ្សេងទៀតគឺ ហានិភ័យនៃការឆ្លងកូវីដ១៩ នៅប្រទេសឡាវទាបឬមួយគឺដោយសារតែនាយករដ្ឋមន្ត្រីឡាវហៅចូលទូរស័ព្ទសួរសុខទុក្ខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលដែលលោក កំពុងធ្វើចត្តាឡីស័ក?
ឆ្លើយតបទៅនឹងចម្ងល់ទាំងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន នៅថ្ងៃទី១៦វិច្ឆិកានេះ បានលើកឡើងថា សេចក្តីសម្រេចបរិច្ចាកម៉ាសនិងបរិក្ខាពេទ្យរបស់កម្ពុជាទៅកាន់ប្រទេសឡាវនៅពេលនេះ គឺមិនប៉ះពាល់ដល់វិសាលភាពនិងប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដនៅក្នុងប្រទេសនោះទេ ដោយរដ្ឋាភិបាលបានពិនិត្យមើលអំពីលិទ្ធភាពដែលកម្ពុជាមានយ៉ាងម៉ត់ចត់។
ស្របពេលជាមួយគ្នានេះដែរ លោកបានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវនៅពេលនេះ មិនមែនរាជរដ្ឋាភិបាលបោះបង់ចោលការយកចិត្តទុកដាក់គិតគូកម្ពុជានោះទេ។
កាលពីខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាប្រកាសថាមានម៉ាសស្តុកក្នុងឃ្លាំងយុទ្ធសាស្ត្រសរុបចំនួន១១លានម៉ាស ដើម្បីចែកជូនប្រជាជលរដ្ឋ ក្នុងករណីដែលកម្ពុជាមានការរីករាលត្បាតជាទ្រង់ទ្រាយធំណាមួយដែលកើតមានជាយថាហេតុ នេះបើយោងតាមក្រសួងសុខាភិបាល។
ការប្រកាសផ្តល់ម៉ាសនិងបរិក្ខារពេទ្យពីភាគីកម្ពុជាទៅកាន់ប្រទេសឡាវ នាពេលនេះ គឺធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីឡាវ លោក ថងលុន ស៊ីសុលីត បានហៅទូរស័ព្ទសួរសុខទុក្ខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្រោយព្រឹត្តិការណ៍៣វិច្ឆិកា។
លោក សុខ ឥសាន បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលក្នុងការផ្តល់ម៉ាសទៅកាន់ប្រទេសឡាវនៅពេលនេះ គឺជាសកម្មភាពបង្ហាញពីមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឡាវ និងដោយមិនមានរឿងរ៉ាវពាក់ព័ន្ធនៃទំនាក់ទំនងផ្ទៃក្នុងណាមួយនោះទេ ក្រៅតែពីការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងតំបន់តែប៉ុណ្ណោះ។
សូមជម្រាបជូនថា បច្ចុប្បន្នប្រទេសឡាវ មានឆ្លងករណីកូវីដ១៩សរុបចំនួន២៤នាក់ និងមានមនុស្ស២៣នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានអ្នកស្លាប់នោះទេ។ ធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ឡាវមានអ្នកឆ្លងកូវីដ១៩តិចជាងគេ ខណៈដែលកម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួនជាង៣០០នាក់ ច្រើនជាងឡាវ និងព្រុយណេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ