អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា តវ៉ានៅមុខក្រសួងការងារអោយជួយដោះស្រាយវិវាទរបស់ពួកគេ
ចុះផ្សាយនៅថ្ងៃ៖
អតីតកម្មករនិយោជិតដែលធ្លាប់បម្រើការងារនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាចំនួន៥៣នាក់ ដែលត្រូវបានសណ្ឋាគារបញ្ឈប់ពីការងារនោះ បានលើកគ្នាទៅតវ៉ានៅខាងមុខក្រសួងការងារនៅព្រឹកថ្ងៃទី ១៧ វិច្ឆិកា នេះ ដើម្បីស្នើសុំអោយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរបស់ពួកគេ តាមរយៈការបញ្ជូនវិវាទនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីសំណុំរឿងនេះ មិនអាចផ្សះផ្សារគ្នាបាន។ គួរជំរាបជូនថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាមក មានបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជា២០០០នាក់មកហើយ ដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការទូទាត់សំណងសមរម្យ។
កម្មវត្ថុនៃការតវ៉ារបស់អតីតកម្មករនិយោជិតដែលធ្លាប់បម្រើការងារនៅសណ្ឋាគារផ្កាយ៥ សូហ្វីតែលភ្នំពេញ ភូគីត្រា ចំនួន៥៣នាក់នៅពេលនេះ គឺស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអោយបញ្ជូនវិវាទការងាររួមនៃសណ្ឋាគារមួយនេះ ទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បើផ្អែកតាមលិខិតសុំអន្តរាគមន៍របស់លោក ផាន់ សារួន ក្នុងនាមប្រធានសហជីពសាមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រានេះ បានលើកឡើងថា ចាប់តាំងពីមានការផ្សះផ្សារមិនសះជានៃវិវាទការងាររួមដែលធ្វើឡើងនៅឯក្រសួងការងារកាលពីថ្ងៃទី ៣១ សីហា មក គឺសំណុំរឿងនេះ មិនត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះទេ។ ម្លោះហើយ ផ្អែកតាមមាត្រា ៣០៨ ៣០៩ និង៣១០ នៃច្បាប់ស្តីពីការងារ លោកស្នើសុំអោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរបស់ពួកគេ តាមរយៈការបញ្ជូនវិវាទនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
គួរជំរាបជូនថា អស់រយៈពេល៣ខែមកហើយ ដែលបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាចំនួន ៥៣នាក់ ត្រូវបានបញ្ឈប់ពីការងារ។ ប៉ុន្តែភាគីសហជីព និងអតីតបុគ្គលិកបានចាត់ទុកថា ការបញ្ឈប់ពួកគេពីការងារនេះ គឺមិនបានអនុវត្តតាមច្បាប់ការងាររបស់កម្ពុជានៅត្រង់មាត្រា១៥នោះទេ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានថ្លែងថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាមក មានបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជា២០០០នាក់មកហើយនៃសណ្ឋាគារប្រមាណជា២០ ដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការទូទាត់សំណងសមរម្យ ហើយសណ្ឋាគារខ្លះតួយ៉ាងដូចជា សណ្ឋាគារ Le Meridien Angkor Hotel នៅខេត្តសៀមរាប នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។ លោកបន្តថា សណ្ឋាគារខ្លះបានបញ្ឈប់បុគ្គលិកពី៣០ទៅ៥០% និងខ្លះទៀត បានកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិក ពី១០ទៅ៣០% ជាដើម។ អ្នកឃ្លាំមើលសិទ្ធិការងារនៅកម្ពុជារូបនេះ បានកត់សំគាល់ថា អ្វីដែលជាបញ្ហាប្រឈមនៅពេលនេះ គឺបញ្ហាការទូទាត់ប្រាក់សំណងនៃការផ្តាច់កិច្ចសន្យាការងារ និងការរើសអើងចំពោះសហជីពនៅក្នុងសណ្ឋាគារជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ