កម្ពុជា-កូវីដ១៩

លោកសួស យ៉ារ៉ា ជាសះស្បើយពីកូវីដ១៩ ខណៈអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីហុងគ្រី៣នាក់ទៀតនៅបន្តសម្រាកព្យាបាល

លោក សួស យ៉ារ៉ា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលឆ្លងជំងឺកូវីដ១៩ កាលពីព្រឹត្តិការណ៍៣វិច្ឆិកា
លោក សួស យ៉ារ៉ា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលឆ្លងជំងឺកូវីដ១៩ កាលពីព្រឹត្តិការណ៍៣វិច្ឆិកា © FB

​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​បាន​ប្រកាស​រក​ឃើញ​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ថ្មី​ម្នាក់ទៀត​ដែល​ជា​បុរស​ជន​ជាតិខ្មែរ​អាម​រិ​កាំ​ង​វ័យ​៥​៦​ឆ្នាំ​។​ ​គិត​ទាំង​បុរស​ចុងក្រោយ​នេះ​ ​គឺ​អ្នក​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣​០​៣​នាក់​ហើយ​។​ ​ប៉ុន្តែ​នៅ​ថ្ងៃនេះ​ ​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​២​នាក់​ផង​ដែរ​ ​គឺ​អ្នកតំណាងរាស្ត្រ​សួស​ ​យ៉ា​រ៉ា​ ​និង​ ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ដែល​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ​។​

ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសួស យ៉ារ៉ា ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជាបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។ លោកសួស យ៉ារ៉ា គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលបានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានមកទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែវិច្ឆិកានេះ។

អ្នកតំណាងរាស្រ្តរូបនេះ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី០៩ ខែវិច្ឆិកា នៅពេលធ្វើតេស្តជាលើកទី២ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ បើទោះបីលោកសួស យ៉ារ៉ា ជាសះស្បើយក៏ដោយ ប៉ុន្តែមនុស្ស៣នាក់ផ្សេតទៀត គឺអគ្គលេខាធិការរងក្រសួងកសិកម្ម ទូតហុងគ្រី និងអង្គរក្សជនជាតិខ្មែរដែលការពារប្រតិភូហុងគ្រីនៅតែបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរនៅឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកាស្អែកនេះ ក្រុមគ្រូពេទ្យកម្ពុជានឹងបន្តយកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីទៅធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី៤ និងជាលើកចុងក្រោយមុនបញ្ចប់ធ្វើចត្តាឡីស័ក។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ ក៏ដូចជាអ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធ។ ចំណែក លោកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩នៅតាមគេហដ្ឋានរបស់ពួកគេ។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់ឱ្យដឹងថាអ្នកពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី ឬហៅថា ព្រឹត្តិការណ៍«៣វិច្ឆិកា» ដោយផ្ទាល់ និងដោយប្រយោលមានចំនួន ៣,៩១៨នាក់ ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។ លើកទី១ អ្នកធ្វើតេស្តមានចំនួន ១,៧៤១នាក់ លើកទី២មានចំនួន ៨២៥នាក់ និងលើកទី៣មានចំនួន ១,៣៥២នាក់។ ចំពោះការធ្វើតេស្តលើកចុងក្រោយនៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងសុទិដ្ឋិនិយមថា ទាំងរូបលោក គ្រួសារ និង មនុស្សពាក់ព័ន្ធដទៃទៀត នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល។ សម្រាប់លោកនាយករដ្ឋមន្រ្តី ការកាត់បន្ថយការបារម្ភនេះ  គឺនឹងអាចឈានទៅបើកសាលារៀនសម្រាប់សិស្សនុសិស្សឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI