UNESCO បើកដំណើរការយុទ្ធនាការសិល្បៈ ដើម្បីទប់ស្កាត់ការប្រកាន់ពូជសាសន៍នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
អង្គការយូណេស្កូប្រចាំកម្ពុជាបានសម្ពោធយុទ្ធនាការសិល្បៈរបស់ខ្លួនកាលពីថ្ងៃទី១៦ខែវិច្ឆិកា ម្សិលមិញ នៅឯការិយាល័យខ្លួននៅទីក្រុងភ្នំពេញ។ យុទ្ធនាការសិល្បៈនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសន្ទនាជាលក្ខណៈអន្តរវប្បធម៌ ការរឹតចំណងសង្គម ការទប់ស្កាត់ការរើសអើងលើជាតិសាសន៍ដទៃ និងការផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងវិបត្តិសកលនៃជំងឺកូវីដ១៩។
ក្រោមប្រធានបទ «បើកបេះដូងអ្នក» យុទ្ធនាការសិល្បៈនេះបានដំណើរការដោយប្រើប្រាស់ដីសក្នុងការគូសនៅលើក្តាខៀនព៌ណខ្មៅ និងតាមផ្លូវនៃទីសាធារណៈ។ ការគូសវាសបែបសិល្បៈទាំងនោះរួមមានជាពាក្យពេចន៍ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស និងរូបគំនូរផ្កាផ្សេងៗ ក្នុងនិយមន័យនៃការប្រើប្រាស់ពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីសកម្មភាពនិងអាកប្បកិរិយាវិជ្ជមានរបស់សាធារណជនក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ជាសកល។
កញ្ញា វន មករា មន្រ្តីផ្នែកទំនាក់ទំនងនៃអង្គការយូណេស្កូ បានប្រាប់វិទ្យុបារាំងអន្តរជាតិ ឲ្យដឹងថា ការប្រើប្រាស់ដីសក្នុងការគូសវាសនៅក្នុងយុទ្ធនាការ «បើកបេះដូងអ្នក» គឺមានគោលបំណងចង់ឲ្យសាធារណជនដឹងថា ដីសដែលគូសវាសរួចហើយនេះ នឹងរលុបបាត់វិញតាមរយៈទឹកភ្លៀង ដូចនឹងជំងឺកូវីដ១៩ដែលនឹងសាបរលាបបាត់នៅពេលណាមួយខាងមុខ។ នេះជាសារអប់រំមួយចង់ឲ្យសាធារណជនយល់ថា កុំឲ្យមានការភ័យខ្លាច និងស្អប់ខ្ពើមទៅលើជនបរទេស ដែលថាជនបរទេសជាអ្នកចម្លងជំងឺកូវីដ១៩ ព្រមទាំងការចែកចាយនូវព័ត៌មានមិនពិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ។
លោក Sardar Umar Alam អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងថា ជំងឺ Covid19កំពុងជះឥទ្ធិពលដល់មនុស្សជាតិទាំងមូល និងកាន់តែធ្ងន់ធ្ងរថែមទៀតចំពោះគុណវិបត្តិនិងវិសមភាពដែលមានស្រាប់នៅក្នុងសហគមន៍របស់យើង។ នៅក្នុងបរិបទនេះហើយ ទើបពួកយើងសម្រេចធ្វើយុទ្ធនាការនេះឡើង ដើម្បីចែករំលែកនូវទំនួលខុសត្រូវរបស់បុគ្គលគ្រប់រូប ដោយធ្វើយ៉ាងណាឲ្យមានការបង្កើននូវសាមគ្គីភាព និងការចូលរួមជាចំណែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយយកគោលការណ៍សិទ្ធិមនុស្សជាអាទិភាព។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការ «បើកបេះដូងអ្នក» បានចាប់ផ្តើមតាំងពីចុងខែកញ្ញាមកម្ល៉េះ តែការជ្រើសយកថ្ងៃទី១៦ខែវិច្ឆិកាដើម្បីសម្ពោធយុទ្ធនាការនេះ គឺដើម្បីតម្រូវឲ្យត្រូវនឹងអត្ថន័យនៃទិវាអន្តរជាតិនៃការអត់ឱនរបស់អង្គការយូណេស្កូ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ