លោក ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ខណៈលោកអវិជ្ជមានកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកអះអាងតាមរយៈទំព័រហ្វេសបុកថា លោកនិងភរិយាអវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ នៅថ្ងៃទី១៨វិច្ឆិកានេះ។ បន្ទាប់ពីអវិជ្ជមានវីរុសកូវីដ១៩ លោកនាយករដ្ឋមន្ត្រីនឹងផ្ដើមបំពេញការងារឡើងវិញបណ្ដើរៗពីថ្ងៃស្អែកទៅ។ នៅចំពោះមុខភាពមិនប្រាកដប្រជានៃជំងឺកូវីដ១៩ លោក ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ឬអ្នកសមាជិកគ្រួសារកំពុងធ្វើចត្តាឡីស័ក បន្តអនុវត្តវិធានការនេះឲ្យបានចប់ចុងចប់ដើម ដើម្បីរងចាំទទួលលទ្ធផលតេស្តលើកទី៤បញ្ជាក់ថា មាន ឬគ្មានកូវីដ១៩។ ក្រៅតែពីលទ្ធផលអវិជ្ជមានរបស់លោកនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី២រូបផ្សេងទៀតក៏ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នាដែរ។ វុធ ច័ន្ទតារា ធ្វើសេចក្តីរាយការណ៍៖
ទោះជាអវិជ្ជមានវីរុសកូវីដ១៩ ក៏ដោយលោក ហ៊ុន សែន នៅមិនទាន់អនុញ្ញាតឲ្យកូន និងចៅរបស់លោកបានចូលជួបនោះទេ ដើម្បីសុវត្ថិភាព និងធានាឱ្យបានប្រាកដថា លោកពិតគ្មានមេរោគចម្លងទៅកូនៗនិងចៅ។
អំឡុងពេលដែលកំពុងរងចាំលទ្ធផលតេស្តរបស់អ្នកឯទៀត ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដោយផ្ទាល់និងដោយប្រយោលមានចំនួន ៣,៩១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័ករបស់អ្នកទាំងនោះផងដែរ។ ថ្ងៃទី១៩វិច្ឆិកាបិទបញ្ចប់សម្រាប់រាធានីភ្នំពេញនិងខេត្តកណ្តាល ពោធិសាត់ ព្រៃវែង និងខេត្តកំពង់ធំ និងថ្ងៃទី២១វិច្ឆិកាបិទបញ្ចប់ព្រឹត្តការណ៍៣វិច្ឆិកា នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី២៣វិច្ឆិកានៅខេត្តកំពត ព្រះសីហនុ និងកំពង់ចាម និងចុងក្រោយនៅថ្ងៃទី២៥ វច្ឆិកា នៅខេត្តព្រះវិហារ និងខេត្តរតនៈគិរី។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា បន្ទាប់ពីមានការពិភាក្សាយ៉ាងហ្មត់ចត់រួចហើយរវាងលោកជាមួយរដ្ឋមន្ត្រីថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកផងដែរថា មូលហេតុដែលកម្ពុជាមានមនុស្សឆ្លងកូវីដ១៩តិចនិងមិនមានមនុស្សស្លាប់ មិនមែនមកពីពលរដ្ឋកម្ពុជា មានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេស អាចប្រឆាំងជាមួយកូវីដ១៩ បានដូចមនុស្សមួយចំនួនធ្លាប់បានអះអាងនោះទេ។ ទាំងនេះគឺ បានមកពីការខិតខំរួមគ្នាពីគ្រប់ភាគី ដែលមានក្រសួងសុខាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ និងសំខាន់ជាងនេះទៀតនោះ គឺពលរដ្ឋគ្រប់រូបចូលរួមអនុវត្តនូវវិធានការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណ៍របស់ក្រសួងសុខាភិបាល។
គួរកត់សម្គាល់ដែរថា ក្រៅតែពីលទ្ធផលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្រ្តីពីររូបផ្សេងទៀតដែលស្ថិតនៅក្នុងព្រឹត្តិការណ៍៣ វិច្ឆិកាដែរនោះ ក៏ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ដែរ ពោលគឺលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស។
គួរជម្រាបជូនផងដែរ គិតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកានេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣០៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៩១នាក់និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន១៣នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ