កម្ពុជា-នយោបាយ

លោកសម រង្ស៊ីចោទតុលាការកម្ពុជាថា រៀបចំកាត់ក្តីមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងដោយមិនគិតបញ្ហាឆ្លងកូវីដ១៩

លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ AP - Tatan Syuflana

ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ លោក​សម រង្ស៊ី ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​មក​ចោទ​ប្រកាន់​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញ​ថា​ គ្រោង​រៀប​ចំ​កាត់​ក្តី​លើ​មន្រ្តី​ និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដោយ​មិន​គិត​ពី​បញ្ហា​ឆ្លង​ជំងឺ​កូវីដ១៩​។ ការ​គ្រោង​បើក​សវនាការ​នេះ​ គឺ​ខុសគ្នា​នឹង​សវនាការ​សំណុំ​រឿង​លោក​កឹម សុខា ​ដែល​ត្រូវ​បាន​ផ្អាក​ព្រោះ​តែ​បញ្ហា​ជំងឺ​ឆ្លង​មួយ​នេះ​។ ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​លើ​មន្រ្តី​ និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២៥​ និង​ ២៦​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុក លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិបានវាយប្រហារទៅលើតុលាការកម្ពុជាៗដែលលោកបានហៅជារើយៗ និងជាថ្មីម្តងទៀតនៅពេលនេះថា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោកសម រង្ស៊ី បានសម្តែងនូវការមិនយល់ពីចំណាត់ការរបស់តុលាការដែលគ្រោងបើកសវនាការលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិនៅពេលខាងមុខនេះ។ ជាការបើកសវនាការដែលលោកសម រង្ស៊ី កត់សម្គាល់ថា ខុសពីសវនាការរបស់លោកកឹម សុខា ដែលត្រូវផ្អាកដោយសារតែខ្លាចឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ជាមួយនឹងការលើកឡើងយ៉ាងដូច្នេះ លោកសម រង្ស៊ី ក៏បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា បានបញ្ជាឱ្យតុលាការឈប់គិតពីបញ្ហាជំងឺកូវីដ-១៩ ទៀតហើយ ពីព្រោះអតីតគណបក្សសង្គ្រោះជាតិធ្វើឱ្យរូបលោកនាយរដ្ឋមន្រ្តីដេកមិនលក់។ អ្នកនាំពាក្យរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបកស្រាយបាននោះទេចំពោះការចោទប្រកាន់របស់លោកសម រង្ស៊ីនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់ពាក់ព័ន្ធនឹងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ អ្នកទាំងជាង១០០នាក់នេះ គឺមានខ្លះកំពុងស្ថិតនៅក្រៅប្រទេសដូចជានៅអាមេរិក កាណាដា កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃជាដើម ខណៈអ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។ មុនសវនាការនេះមួយថ្ងៃ ពោល គឺនៅថ្ងៃ២៥ ខែវិច្ឆិកា តុលាការក៏នឹងបើកសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបដោយចោទប្រកាន់លើ​សំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»។

មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោកសំ សុគង់ ក៏បានសម្តែងនូវការបារម្ភពីបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះដែរនៅពេលមានការបើកសវនាការទ្រង់ទ្រាយមនុស្សច្រើនបែបនេះ។  ដូច្នេះហើយ លោកបានអះអាងថា នឹងស្នើតុលាការឱ្យលើកពេលសវនាការនេះ គឺក្នុងន័យការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផង និងសម្រាប់ទុកពេលការត្រៀមខ្លួនទាំងមេធាវីផង និងការរៀបចំខ្លួនរបស់មន្រ្តី និងសកម្មជនអតីតគណបក្សប្រឆាំងផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI