កម្ពុជា-សង្គម

វេទិកា UN៖ សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនស្ករថៃទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅខេត្តឧត្តរមានជ័យ

សហគមន៍រងគ្រោះនៅកម្ពុជា ដែលត្រូវបានក្រុមហ៊ុនស្កសរបស់ប្រទេសថៃឈ្មោះ មិត្រផូលជន្លៀសចេញពីផ្ទះ
សហគមន៍រងគ្រោះនៅកម្ពុជា ដែលត្រូវបានក្រុមហ៊ុនស្កសរបស់ប្រទេសថៃឈ្មោះ មិត្រផូលជន្លៀសចេញពីផ្ទះ © FB

​អង្គការសង្គម​ស៊ីវិល​ចំនួន​៣​ ​រួម​មាន​អង្គការ​សមធម៌​កម្ពុជា​ ​អង្គការ​ ​I​D​I​ ​និង​អង្គការ​លី​កា​ដូ ​នៅដើម​ស​ប្តាហ៍​នេះ​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ស្ក​ស​ថៃ​ ​មិត្រ​ផូ​ល​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ម៉ាក​ល្បី​ៗ​ចេញ​មក​ទទួលខុសត្រូវ​ចំពោះ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ជាង​១​០​ឆ្នាំមុន​។​ ​ការ​ថ្លែង​របស់​អង្គការសង្គម​ស៊ីវិល​ទាំង​៣​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​មាន​សម័យប្រជុំ​លើក​ទី​៩​ ​នៃ​វេទិកា​អង្គការសហប្រជាជាតិ​ស្តីពី​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​ពី​ថ្ងៃ​ទី​១​៦​ដល់​១​៨​ខែវិច្ឆិកា​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅអំឡុងពេល ដែលមានកិច្ចពិភាក្សា តាមរយៈវេទិកាអង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស លើកទី៩ នៅទីក្រុងហ្សឺណែវ នាដើមសប្តាហ៍នេះ អង្គការទាំង៣ ក្នុងនោះមានអង្គការសមធម៌កម្ពុជា អង្គការអភិវឌ្ឍន៍អន្តរជាតិរួម (IDI) និងអង្គការការពារសិទ្ធិមនុស្សលីកាដូ បានធ្វើការអំពាវនាវសាជាថ្មី ដើម្បីទាមទាឲ្យមានការផ្តល់ដំណោះស្រាយជូនសហគមន៍រងគ្រោះនៅកម្ពុជា ដែលត្រូវបានក្រុមហ៊ុនស្កសរបស់ប្រទេសថៃឈ្មោះ មិត្រផូលជន្លៀសចេញពីផ្ទះដោយបង្ខំ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងពីការរំលោភបំពានសិទ្ធិ និងរិបអូសដីធ្លី ប្រជាពលរដ្ឋដោយបង្ខំ នៅខេត្តឧត្តរមានជ័យ ពីសំណាក់ក្រុមហ៊ុន មិត្រផូល ដោយសហការជាមួយនឹងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា នៅចន្លោះឆ្នាំ២០០៧ និង២០០៩។ ប្រជាពលរដ្ឋចំនួនជាង៧០០គ្រួសារ ត្រូវបានរាយការណ៍ថាបានរស់នៅដោយបាត់បង់ផ្ទះសម្បែង និងដីធ្លីសម្រាប់ធ្វើកសិកម្ម ជម្រុញឲ្យជីវភាពរបស់ពួកគេស្ថិតក្នុងស្ថានភាពលំបាក។

ក៏ប៉ុន្តែសំណុំរឿងឆ្លងដែននេះ ត្រូវបានទទួលដោះស្រាយដោយតុលាការថៃ អំឡុងខែមីនាឆ្នាំ២០១៨ ដោយតុលាការមួយនេះ បានទទួលស្គាល់បណ្តឹងរបស់សហគមន៍ថាជាបណ្តឹងសមូហភាព ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស បន្ទាប់ពីមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិមួយ ដែលមានការចូលរួមពីគណៈកម្មការសិទ្ធិមនុស្សជាតិថៃផងដែរ។

ខណៈដែលស្ថាប័ន ប៊ុនស៊ូក្រូ ដែលជាស្ថាប័នផ្តល់វិញ្ញាបនប័ត្របញ្ជាក់អំពីនិរន្តរភាពសម្រាប់វិស័យស្ករទទួលស្គាល់ទង្វើរំលោភសិទ្ធិមនុស្សរបស់ក្រុមហ៊ុន មិត្រផូល ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើឲ្យក្រុមហ៊ុនដែលមានម៉ាកល្បីៗលើពិភពលោក ដូចជា ក្រុមហ៊ុនកូកាកូឡា ណេស្លេ និងម៉ាសរ៉ិកឡី ជាដើម ដែលទិញស្ករពីក្រុមហ៊ុន មិត្រផូល ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ុនមិត្រផូល ដើម្បីសម្រួលដល់ការទទួលបានដំណោះស្រាយសមស្រប ដែលសហគមន៍គួរទទួលបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI