កម្ពុជា-សង្គម

លោក សំ សារឿន ៖ស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់ដោយសារខ្វះកម្លាំងផលិត

ស្ករត្នោតកំពង់ស្ពឺ
ស្ករត្នោតកំពង់ស្ពឺ © Internet

ស្ករ​ត្នោត​កំពង់ស្ពឺ​ផ្គត់​ផ្គង់​មិន​ទាន់​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ក្នុង និង​ក្រៅ​ប្រទេស​ឡើយ ដោយ​សារខ្វះការ​ផលិត។ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី លោក សំ សារឿន ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃ១៩ វិច្ឆិកា​នេះ។ បើ​តាម​លោក សំ សារឿន ជា​រឿង​គួរ​សោក​ស្ដាយ​នៅ​ពេល​ដែល​ស្ករ​ត្នោត​កម្ពុជា ផ្គត់ផ្គង់មិន​ទាន់​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​បែប​នេះ​ ព្រោះ​ស្ករ​ត្នោត​ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស​ក្នុងមួយ​ឆ្នាំៗ​រាប់​រយ​តោន។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៩វិច្ឆិកានេះ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺបានឲ្យដឹងថា មូលហេតុដែលស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ តាមតម្រូវការអ្នកប្រើប្រាស់នៅលើទីផ្សារនោះដោយសារតែកង្វះពលកម្មកំលាំងពលកម្ម ស្តង់ដាលក្ខខណ្ឌដែលតម្រូវឲ្យប្រជាកសិករចុះឈ្មោះជាមួយសមាគមត្រូវមានដើមត្នោត មានដី និងមានការផលិតស្របតាមស្តង់ដារបស់សមាគមស្ករត្នោតកំពង់ស្ពឺ។ 

សូមជម្រាបជូនថា បរិមាណស្ករត្នោតដែលសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានផលិតបាននៅក្នុងឆ្នាំនេះមានចំនួនប្រមាណជា៣៥០តោន ដែលក្នុងនោះ ២៥០តោនត្រូវបាននាំចេញទៅក្រៅប្រទេស និង ១០០​ តោនផ្សេងទៀតសម្រាប់បំពេញតម្រូវការក្នុងស្រុក។​​ ក្នុងនោះដែរមានក្រុមហ៊ុនក្នុងស្រុកចំនួន១០ ដែលបានចុះបញ្ជីជាសមាជិករបស់សមាគម ក្នុងការនាំយកផលិតផលស្ករត្នោតកំពង់ស្ពឺទៅលក់នៅបរទេសរួមមានៈប្រទេសក្នុងតំបន់អាស៊ី និង អឺរ៉ុបមួយចំនួនផងដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក សំ សារឿន មើលឃើញថា ចំនួនស្ករដែលសមាគមផលិតបានក្នុងមួយឆ្នាំៗនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុកនិងក្រៅស្រុកបាននៅឡើយទេ ពោលគឺតម្រូវការក្នុងស្រុកត្រូវការស្ករយ៉ាងហោចណាស់ក៏ជាង១០០ទៅ​២០០តោនក្នុងមួយឆ្នាំៗ។ ចំណែកឯ ការនាំចេញទៅក្រៅប្រទេសវិញនៅមិនទាន់អាចបំពេញតាមតម្រូវការបានពេញលេញនៅឡើយ ហើយថ្មីៗនេះទៀតមានក្រុមហ៊ុនថ្មីមួយ មកពីប្រទេសឥណ្ឌា ក៏មានបំណងចង់នាំយកស្ករត្នោតកំពង់ស្ពឺ ក្នុងបរិមាណជាង១០០០តោនទៅកាន់ប្រទេសឥណ្ឌា។

គួរជម្រាបជូនថា ស្ករត្នោតកំពង់ស្ពឺត្រូវបានសហភាព​អឺរ៉ុប​ដាក់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ​ទី​២​របស់ ​កម្ពុជាបន្ទាប់ពីម្រេចកាលពីដើមខែមេសាឆ្នាំ២០១៩ ពោលគឺ៣ឆ្នាំបន្ទាប់ពី​ម្រេច​កំពត ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ទទួលស្គាល់​ជា​ផ្លូវការ​ដែរនោះ។ កត្តានេះធ្វើអោយតម្លៃលក់របស់ស្ករត្នោតកំពង់ស្ពឺកើនឡើងពី ២០០០រៀលដល់ ៧០០០ពាន់រៀលក្នុងមួយគីឡូក្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI