នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣នៅក្នុងពិភពលោកលើការគ្រប់គ្រងជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍វាយតម្លៃមួយរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique ) បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១នៅអាស៊ីនិងលេខ៣នៅក្នុងពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រងបានល្អជាងគេលើជំងឺកូវីដ១៩ និងផលប៉ះពាល់។ របាយការណ៍វាយតម្លៃនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
របាយការណ៍វាយតម្លៃនេះត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋានទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងផ្អែកលើធាតុសំខាន់ៗចំនួន៣ គឺស្ថានភាពនៃការចម្លងមេរោគ ស្ថានភាពនៃការជាសះស្បើយ និងករណីមរណភាពជាដើម។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique ) ចេញផ្សាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ហើយត្រូវបានផ្សព្វផ្សាយដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលនៅថ្ងៃទី ២០ វិច្ឆិកានេះ។
បើតាមរបាយការណ៍វាយតម្លៃរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique ) នេះ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣នៅក្នុងពិភពលោក ក្នុងចំណោម១៦៦ ថា ជាប្រទេសដែលមានការគ្រប់គ្រងលើជំងឺកូវីដ១៩ និងផលប៉ះពាល់បានល្អជាងគេ។ រីឯចំណាត់ថ្នាក់លេខ១ និងលេខ២ បានទៅលើប្រទេស សាំង ណេវីស (Saint Kitts and Nevis) និងប្រទេសសីស្ហែល (Seychelles)។ បើតាមរបាយការណ៍ ពិន្ទុល្អរបស់កម្ពុជា ក្នុងកម្រិតពិភពលោកនេះ បានធ្វើឱ្យកម្ពុជាឈរនៅលំដាប់ថ្នាក់លេខ១ ជាប្រទេសគ្រប់គ្រងលើការចម្លងជំងឺកូវីដ១៩បានល្អនៅក្នុងទ្វីបអាស៊ី។ នៅទ្វីបអាស៊ី ប្រទេសថៃ ព្រុយណេ និងប្រទេសអ៊ួបេគីស្ថាន ទទួលបានចំណាត់ថ្នាក់លេខ២ លេខ៣ និងលេខ៤។
គួរជំរាបជូនថា គិតត្រឹមថ្ងៃទី ២០ វិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣០៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២៩៤នាក់ និងពុំទាន់មានករណីអ្នកស្លាប់នៅឡើយទេ។ កម្ពុជាបានរកឃើញករណីអ្នកផ្ទុកជំងឺកូវីដ១៩លើកដំបូងលើបុរសជនជាតិចិនមកលេងខេត្តព្រះសីហនុ កាលពីអំឡុង ខែ មករា ឆ្នាំ២០២០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ