អាជ្ញាធរថា ស្ថានភាពជនអនាថាអំឡុងពេលកូវីដ១៩មានភាពប្រសើរ ខណៈសង្គមស៊ីវិលយល់ឃើញថា នៅមានស្ថានភាពចម្រូងចម្រាស់
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ខែវិច្ឆិកាកន្លងទៅបានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពនៃគណៈកម្មការដោះស្រាយបញ្ហាជនអនាថា។ អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២០ខែវិច្ឆិកាថា អាជ្ញាធរអាចគ្រប់គ្រងស្ថានភាពជនអនាថាបានក្នុងអំឡុងពេលកូវីដ១៩ តាមរយៈគោលនយោបាយចែកប្រាក់ឧបត្ថម្ភរបស់រដ្ឋ ក៏ប៉ុន្តែសង្គមស៊ីវិលមើលឃើញ បញ្ហាជនអនាថា នៅមានសភាពចម្រូងចម្រាស់នៅឡើយ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានអះអាងថា អាជ្ញាធរគ្រប់គ្រងជនអនាថាបានល្អប្រសើរក្នុងអំឡុងពេលកូវីដ១៩នេះ ពោលគឺចំនួនជនអនាថាមិនមានការកើនឡើងឡើយ។ នេះក៏ដោយសារតែរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយចែកប្រាក់ឧបត្ថម្ភដល់ជនក្រីក្រអំឡុងពេលវិបត្តិនៃកូវីដ១៩។ ក្រៅពីនេះការផ្អាករៀបចំពិធីបុណ្យធំៗនៅឆ្នាំនេះ ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យអុំទូក ជាដើម ក៏ជាហេតុផលដែលធ្វើឲ្យជនអនាថាមិនមានការកើនឡើងដែរ។
ត្បិតតែស្ថានភាពជនអនាថា ជាទូទៅមិនមានការកើនឡើងអំឡុងពេលនៃជំងឺកូវីដ១៩ក៏ដោយ តែនៅមណ្ឌលសង្គមកិច្ច និងមណ្ឌលកុមារកំព្រា ព្រៃស្ពឺដែលជាមណ្ឌលមើលការខុសត្រូវលើជនចាស់ជរា និងជនអនាថា មានការកើនឡើងខ្លះ ដែលគិតមកទល់ពេលនេះ មានជនចាស់ជរា និងជនអនាថាសរុប ៤១៥នាក់ ក្នុងនោះស្រី១៥២នាក់។ ទោះយ៉ាងក្រសួងសង្គមកិច្ចក៏គ្រោងចុះធ្វើជំរឿនជនអនាថា នៅចុងខែនេះដើម្បីប្រមូលតួលេខសរុបប្រចាំឆ្នាំ២០២០នេះ។
ជុំវិញបញ្ហានេះ លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានយល់ឃើញថា ស្ថានភាពគ្រប់គ្រងជនអនាថានៅលក្ខណៈដូចវែកចកនៅឡើយ ពោលគឺការប្រមូលជនអនាថាទៅស្នាក់នៅតាមមណ្ឌលសង្គមកិច្ចមិនមានលក្ខណៈជាស្ថេរភាពនោះទេ។ ជនអនាថាបានត្រលប់មកតាមផ្លូវទីសាធរណៈវិញ បន្ទាប់តែពីការប្រមូលបាន២ទៅ៣ថ្ងៃ។
ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះដែរ លោកក៏បានបង្ហាញក្តីបារម្ភអំពីប្រមូលជនអនាថាទៅដាក់តាមមណ្ឌលសង្គមកិច្ចនានា ជាពិសេសមណ្ឌលព្រៃស្ពឺ និងអំពាវនាវកុំឲ្យមានការរំលោភសិទ្ធិរបស់ជនអនាថា និងការបំពានផ្សេងៗ។
គួរជម្រាបជូនថា នៅថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលបានចេញនូវសេចក្តីសម្រេចមួយអំពីសមាសភាពនៃគណៈកម្មាការដោះស្រាយបញ្ហាជនអនាថា។
លោក អំ សំអាត ក៏បានបង្ហាញការគាំទ្រចំពោះការបង្កើតគណៈកម្មាការនេះ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺការបង្កើតយន្តការ និងនីតិវិធីណាដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងលើជនអនាថា។
គូរបញ្ជាក់ជូនថា ជនអនាថា ត្រូវបានរាប់បញ្ចូលដោយអ្នកសុំទាន អ្នករស់នៅតាមចិញ្ចើមថ្នល់ និងកុមារនៅតាមស្តុប ជនអត់ផ្ទះសម្បែងនិងដើរត្រាច់ចរជាដើម។ បើតាមក្រសួងសង្គមកិច្ច តួលេខនៃជនអនាថាសរុប គិតត្រឹមដើមឆ្នាំ២០២០ មានចំនួន៣៧៨៤នាក់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ