អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋសភាជាតិ៖ការទាមទារឱ្យដាក់ទណ្ឌកម្មលើកម្ពុជារបស់សមាជិកព្រឹទ្ធសភាអាមេរិក គឺជាទង្វើខុសឆ្គង

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា © FB
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

​រដ្ឋសភា​ជាតិ​កម្ពុជា​តាមរយៈ​អ្នកនាំពាក្យ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ឆ្លើយតប​ទៅ​នឹង​សមាជិកព្រឹទ្ធសភា​អាមេរិក​មួយ​ចំនួន​ដែល​ស្នើ​ឱ្យ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​ពួកគេ​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ការគោរព​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​។​ ​សម្រាប់​រដ្ឋសភា​ជាតិ​កម្ពុជា​ ​ការ​លើកឡើង​នេះ​ ​គឺ​ផ្ទុយពី​ការពិត​ ​លម្អៀង​ ​និង​មាន​ស្តង់​ពីរ​។​ ​ដូច្នេះ​ហើយ​ ​រដ្ឋសភា​កម្ពុជា​ ​បាន​ចាត់​ទុក​ការ​ចង់​ឱ្យ​មាន​ទណ្ឌកម្ម​មក​លើ​កម្ពុជា​នេះ​ថា​ ​ជា​ទង្វើ​ខុសឆ្គង​ ​និង​ ​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​។

ផ្សាយពាណិជ្ជកម្ម

ជាការឆ្លើយតបទៅនឹងសមាជិកព្រឹទ្ធសភាអាមេរិក រដ្ឋសភាកម្ពុជាតាមរយៈអ្នកនាំពាក្យបានធ្វើការកត់សម្គាល់ដល់ទៅ៧ចំណុចឯណោះ។ ដំបូងបង្អស់ រដ្ឋសភាជាតិកម្ពុជាបានការពារការកាន់អំណាចយូរឆ្នាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថា កើតឡើងដោយសារតែមានប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រ និង បានលើកបង្ហាញការជោគជ័យរបស់លោកនាយករដ្ឋមន្រ្តីក្នុងការបញ្ចប់សង្រ្គាម និងផ្តល់សន្តិភាពដល់កម្ពុជា។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាក៏បានទាត់ចោ​លចំពោះការអះអាងថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី ឬយុត្តិធម៌ ជាហេតុធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតរហូត។ សម្រាប់រដ្ឋសភាកម្ពុជា ការលើកឡើងនេះ គឺជាការបដិសេធទាំ​ងស្រុងនូវការពិត។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ សមាជិក​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​៨​រូប​ តាម​រយៈ​លិខិត​មួយ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ម៉ៃ ប៉ុមប៉េអូ​ ពិចារណា​ចាត់​វិធានការ​បន្ថែម​លើ​រដ្ឋាភិបាល​ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​។ ​ការ​ស្នើនេះ គឺ​បន្ទាប់​ពី​ពួកគេមើល​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​បន្ត​បន្ទាប់​ លើ​សកម្មជន​នយោបាយ​ បរិស្ថាន​ រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ ក្នុង​ពេល​វិបត្តិ​កូវីដ១៩​នេះ។​

ក៏ប៉ុន្តែ រដ្ឋសភាកម្ពុជាបានអះអាងថា ការចាត់វិធានការទៅលើគណបក្សនយោបាយ​ គឺគណបក្សប្រឆាំង និងថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៃបក្សប្រឆាំង គឺជាអនុវត្តច្បាប់ចំពោះការធ្វើសកម្មភាពឃុបឃិតផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ពាក់ព័ន្ធនឹងបញ្ហាសារព័ត៌មានវិញ រដ្ឋសភាកម្ពុជាបានការពារនូវភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាន និង សេរីភាពនៃការបញ្ចេញមតិ។ រដ្ឋសភាកម្ពុជាថែមទាំងអះអាងថា កម្ពុជាបានគាំទ្រ ការពារ និង លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានទៀតផង។ មិនតែប៉ុណ្ណោះ ស្ថាប័នកំពូលរបស់ជាតិមួយនេះ ក៏បានការពារការលើកឡើងរបស់លោកនាយរដ្ឋមន្រ្តីហ៊ុន សែននាពេលកន្លងមកថា មិនមានឆន្ទៈចង់បង្រ្កាបលើសេរីភាពនៃការបញ្ចេញមតិនោះទេ។

ដោយឡែក ឆ្លើយតបនឹងការរិះគន់លើបញ្ហាគោរពសិទ្ធិមនុស្សវិញ រដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិមនុស្ស គឺជារបៀបវារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជា។ ចំពោះរដ្ឋសភាជាតិ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព និងនីតិរដ្ឋ។ រដ្ឋសភាកម្ពុជាក៏មិនភ្លេចលើកឡើងដែរពីការផ្តល់សារៈសំខាន់បំផុតរបស់កម្ពុជាទៅលើសន្តិភាព ស្ថិរភាព ដែលបានធានាដល់ការវិវឌ្ឍឈានឡើងជាលំដាប់របស់ប្រជាជនកម្ពុជា ឆ្ពោះទៅរកការទទួលបាននូវសិទ្ធិសេរីភាព និងផ្ដល់លទ្ធភាពឱ្យប្រជាជនអាចអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនបានយ៉ាងពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាពផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ