អូស្ដ្រាលីប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា នៅពេល WHO ប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ
អូស្រ្តាលីថា នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា ក្រោយអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ COVAX ជាផ្លូវការនៅពេលខាងមុខនេះ។ គួរជំរាបជូនថា ចាប់ពីឆ្នាំ២០០៧មក ប្រទេសអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាលើវិស័យសុខាភិបាល ដែលមានទឹកប្រាក់ប្រមាណ១៤៥លានដុល្លារអូស្រ្តាលី ហើយនឹងបន្តផ្តល់បន្ថែមទៀតរហូតដល់ឆ្នាំ២០២១។
ចុះផ្សាយនៅថ្ងៃ៖
ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់កម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង កាលពីរសៀល ថ្ងៃទី ២០ វិចិ្ឆកា។
នៅក្នុងជំនួបដែលធ្វើឡើងនៅឯទីស្តីការក្រសួងសុខាភិបាលនោះ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា ប្រទេសរបស់ខ្លួន នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ។
បើតាមឯកអគ្គរដ្ឋទូតរូបនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្ដល់ជំនួយជាថវិកាចំនួន៥០០លានដុល្លារអូស្ដ្រាលី ដល់កម្មវិធីកូវ៉ាក់ (COVAX) ដែលជាគម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍និងចែកចាយវ៉ាក់សាំង COVID-19 ដែលផ្ដួចផ្ដើមឡើងដោយអង្គការសុខភាពពិភពលោក (WHO) នៅពេលដែលវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ១៩ មានប្រសិទ្ធភាពអាចប្រើប្រាស់បាន និងអាចទទួលបាន ដើម្បីយកមកផ្ដល់ជូនដល់ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិច ដែលក្នុងនោះ ក៏មានកម្ពុជាផងដែរ។
គួរជំរាបជូនថា ចាប់ពីឆ្នាំ២០០៧មក រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការលើ វិស័យសុខាភិបាលដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ១៤៥លានដុល្លារអូស្រ្តាលី ក្នុងក្របខណ្ឌទ្វេភាគី ហើយនឹងបន្តផ្តល់ចំនួន ២៨.៩លានដុល្លារអូស្រ្តាលីបន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងបច្ចុប្បន្ននេះ គេកំពុងពិនិត្យមើលប្រសិទ្ធិភាពនិងសមត្ថភាព នូវប្រភេទវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងមានការវាយតម្លៃពីអង្គការសុខភាពពិភពលោក។
គួរជំរាបជូនដែរថា ក្រៅពីប្រទេសអូស្ត្រាលី កម្ពុជាក៏ទទួលបានការសន្យាជួយពីប្រទេសរុស្ស៊ី ក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរ កាលពីដើមខែតុលាកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ