លោកសំ សុគង់ នឹងស្នើឱ្យតុលាការអន្តរាគមន៍ផ្តល់សុពលភាពលិខិតឆ្លងដែនដល់មន្រ្តីជាន់ខ្ពស់អតីតបក្សក្នុងសប្តាហ៍នេះ
ចុះផ្សាយនៅថ្ងៃ៖
តាមគម្រោង គឺនៅថ្ងៃ២៥ ខែវិច្ឆិកាខានស្អែកនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការលើមន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំង៩រូបដោយចោទប្រកាន់លើសំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។ ប៉ុន្តែពួកគេទាំង៩រូបនេះ សុទ្ធតែកំពុងស្នាក់នៅឯបរទេស ខណៈដែលលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាបញ្ចប់សុពលភាពថែមទៀត។ លោកសំ សុគង់ មេធាវីការពារក្តីឱ្យមន្រ្តីអតីតបក្សប្រឆាំងបានអះអាងថា លោកនឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការដើម្បីអន្តរាមន៍ឱ្យមានការផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញនៅក្នុងសប្តាហ៍នេះ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះ លោកមេធាវីសំ សុគង់ បានគូសបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ពោល គឺនៅមុនសវនាការថ្ងៃទី២៥ ខែវិច្ឆិកា លោកនឹងដាក់ពាក្យស្នើសុំទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យជួយអន្តរាគមន៍ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងបរទេសកម្ពុជាក្នុងការផ្តល់សុពលភាពដល់មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះវិញ។ លោកសំ សុគង់ បានអះអាងថា ការផ្តល់សុពលភាពលលិខិតឆ្លងដែនដល់ពួកគេឡើងវិញ គឺដើម្បីឱ្យមានលទ្ធភាពធ្វើដំណើរចូលមកប្រទេសកម្ពុជា និងអាចចូលរួមតតាំងរឿងក្តីនៅក្នុងតុលាការ។
សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងចំនួន១១នាក់ត្រូវបានក្រសួងការបរទេសកម្ពុជាសម្រេចបញ្ចប់សុពលភាពលិខិតឆ្លងដែនធម្មតាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ការបញ្ចប់សុពលភាពលិខិតឆ្លងដែននេះ ធ្វើឡើងក្រោមហេតុផលពួកគេបានប្រព្រឹត្តបទល្មើស និងបានរត់គេចទៅបរទេស។
កាលពីថ្ងៃទ១០ ខែវិច្ឆិកាកន្លងទៅ ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិបានដាក់លិខិតស្នើសុំមកកាន់ក្រសួងមហាផ្ទៃកម្ពុជា ដើម្បីឱ្យផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ។ លិខិតស្នើសុំនេះ គឺពួកគេយកទៅដាក់តាមស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែបានបរាជ័យដោយសារតែមិនមានមន្រ្តីទូតកម្ពុជាណាម្នាក់បានចេញមកទទួលយកលិខិតស្នើសុំនេះឡើយ។ គោលបំណងនៃការស្នើសុំសុពលភាពលិខិតឆ្លងដែននេះ គឺពួកគេចង់មកចូលរួមក្នុងសវនាការរបស់ពួកគេនាពេលខាងមុខនេះ។
ប៉ុន្តែ លោកមេធាវីសំ សុគង់ បានលើកឡើងថា សវនាការនាពេលខាងមុខនេះអាចនឹងមិនកើតឡើងដោយសារតែអវត្តមានរបស់ពួកគេ។ លោកគូសបញ្ជាក់ថា មុនរៀបចំលិខិតស្នើសុំអន្តរាមន៍ឱ្យមានការផ្តល់សុពលភាពឡើងវិញនេះ លោកក៏បានដាក់លិខិតបង្ហាញពីអាស័យដ្ឋានរបស់ពួកគេទៅកាន់តុលាការរួចរាល់ហើយ។ បើតាមលោកមេធាវីសំ សុគង់ អាស័យដ្ឋានពួកគេបច្ចុប្បន្នសុទ្ធតែស្នាក់នៅក្រៅប្រទេសទាំងអស់ ដូច្នេះហើយលោកថា តាមនីតិវិធីច្បាប់ គឺតុលាការត្រូវការរយៈពេល៣ខែ ដើម្បីដំណើរការរឿងក្តីដែលមានជនជាប់ចោទនៅក្រៅប្រទេសបែបនេះ។
ដោយឡែក ទាក់ទងនឹងសវនាការនាថ្ងៃទី២៦ ខែវិច្ឆិកាវិញដែលជាសវនាកាសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់ពាក់ព័ន្ធនឹងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» លោកសំ សុគង់ ក៏គ្រោងនឹងដាក់ពាក្យស្នើសុំពន្យារពេលផងដែរ។ ហេតុផលនៃការស្នើសុំនេះ គឺដោយសារសវនាការមានមនុស្សច្រើនពេក កូនក្តីមិនទាន់ទទួលបានដីកាកោះហៅគ្រប់គ្នា និងការមិនទាន់បានត្រៀមខ្លួនរបស់កូនក្តី។ នេះបើតាមលោកមេធាវីសំ សុគង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ