កូវីដ១៩ទាញទម្លាក់កំណើនប្រាក់ចំណូលរបស់វិស័យធានារ៉ាប់រងនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
បច្ចុប្បន្នភាពទីផ្សារធានានារ៉ាប់រងនៅកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នៅបន្តកើនឡើងជាវិជ្ជមាន ប៉ុន្តែកំណើននេះមានការថយចុះច្រើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នោះដោយសារតែនៅឆ្នាំ២០២០នេះមានបញ្ហាកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា។ ត្បិតទីផ្សារធានារ៉ាប់រងទូទៅ និងទីផ្សារធានារ៉ាប់រងអាយុជីវិត នៅរក្សាបានកំណើនក៏ពិតមែន ប៉ុន្តែទីផ្សារធានារ៉ាប់រងខ្នាតតូចបានធ្លាក់ចុះរហូតដល់ជិត២២%។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ បុព្វលាភរ៉ាប់រងសរុបរបស់ទីផ្សារធានារ៉ាប់រងសម្រេចបាន ១៨៦,៣ លានដុល្លារ កើនឡើង៨,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ កំណើននេះត្រូវបានរុញច្រានដោយទីផ្សារធានារ៉ាប់រងទូទៅដែលមានកំណើន១៨,២% ខណៈទីផ្សារធានារ៉ាប់រងអាយុជីវិត មានកំណើន ២,៨%។ ប៉ុន្តែជាមួយគ្នានោះ ធានារ៉ាប់រងខ្នាតតូចបានថយចុះរហូតដល់ជិត២២%។
បើតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា ទីផ្សារធានារ៉ាប់រងទូទៅ នៅតែរក្សាកំណើនខ្ពស់គួរឲ្យកត់សំគាល់ ដោយសម្រេចបានបុព្វលាភដុល ចំនួន៨៧,៩លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំ២០២០ គឺកើនឡើងខ្ពស់ជាងឆ្នាំ២០១៩ដែលសម្រេចបាន៧៤,៤លានដុល្លារ។ កំណើនធានារ៉ាប់រងដែលខ្ពស់ជាងគេ គឺវិស័យវិស្វកម្មមាន ៧៤,២% តាមពីក្រោយដោយធានារ៉ាប់រងលើនាវា យន្តហោះ ការដឹកជញ្ជូនទំនិញ(MAT)ដែលមានកំណើន៣៥,៣%។ ជាមួយគ្នានោះ ធានារ៉ាប់រងសុខភាពកើន២១,៥% ធានារ៉ាប់រងទ្រព្យសម្បត្តិ(អគ្គិភ័យ)កើន ១៥,៩% ធានារ៉ាប់រងយាន្តយន្តកើន ៧% និងធានារ៉ាប់រងផ្សេងៗកើន១៥,១%។ ប៉ុន្តែធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលមានការថយចុះ៧,៥%។
ជារួមទីផ្សារធានារ៉ាប់រងអាយុជីវិត គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២០នេះ មានកំណើនតិចតួចត្រឹមតែ២,៨%ដែលផ្ទុយពីលទ្ធផលរយៈពេលដូចគ្នាកាលពីពេលកន្លងទៅដែលមានកំណើនរហូតដល់៤៩%។នេះបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩នៅលើពិភពលោក។ កូវីដ១៩នេះបានធ្វើឲ្យផលប៉ះពាល់ធ្ងន់ជាងគេគឺធានារ៉ាប់រងខ្នាតតូច ដែលមានការថយចុះ២១,៧% ពោលសម្រេចបានតែ៤,១លានដុល្លារប៉ុណ្ណោះ។ ធានារ៉ាប់រងខ្នាតតូចនេះ គឺសំដៅធានារ៉ាប់រងយាន្តយន្ត ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងអាយុជីវិតខ្នាតតូច។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់សរុបដែលវិស័យធានារ៉ាប់រង បានទូទាត់ជូនអតិថិជនគឺមាន២១,៧លានដុល្លារ ក្នុងសំណងដែលទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅគឺខ្ពស់ជាងគេមាន១៦,១លានដុល្លារ ខណៈធានារ៉ាប់រងអាយុជីវិតមាន៤,៧លានដុល្លារ និងធានារ៉ាប់រងខ្នាតតូចមាន៧៥ម៉ឺនដុល្លារ។ នេះនៅមិនទាន់គិតបញ្ចូលសំណងទៅលើផលប៉ះពាល់ដោយសារទឹកជំនន់នៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ