ច្បាប់ថវិកាជាតិឆ្នាំ២០២១៖សង្គមស៊ីវិលស្នើរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យការពារជាតិដោយផ្តោតទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមវិញ
ចុះផ្សាយនៅថ្ងៃ៖
សង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១១កាលពីថ្ងៃទី២០ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានដាក់លិខិតទៅ រដ្ឋសភាជាតិដើម្បីស្នើឲ្យមានការកាត់បន្ថយចំណាយក្នុងគម្រោងថវិកាជាតិសម្រាប់ឆ្នាំ២០២១ លើវិស័យមួយចំនួនដូចជាការពារជាតិនិងសន្តិសុខជាដើម ដែលសង្គមស៊ីវិលទាំងនោះយល់ឃើញថាមិនចាំបាច់ ហើយជំនួសមកវិញ ឲ្យមានការយកចិត្តទុកដាក់បន្ថែមលើវិស័យសេដ្ឋកិច្ចនិងសង្គមឲ្យបានច្រើន។ ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងខណៈដែលរដ្ឋសភាជាតិគ្រោងនឹងបើកកិច្ចប្រជុំស្តីពីច្បាប់ថវិកាជាតិឆ្នាំ២០២១ នាពេលឆាប់ខាងមុខនេះ។
«អង្គការសង្គមស៊ីវិល សូមស្នើរាជរដ្ឋាភិបាល និងរដ្ឋសភា ពិចារណាក្នុងការកាត់បន្ថយចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយគួរតែយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ចនិងវិស័យសង្គមឲ្យបានច្រើន»។ នេះគឺជាការស្នើឡើងរបស់សង្គមស៊ីវិល ទៅកាន់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្របគ្រងឆ្នាំ២០២១។
យោងទៅតាមខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានបង្ហាញថា គម្រោងចំណាយសរុបថវិការដ្ឋក្នុងឆ្នាំ២០២១មានចំនួនជាង ៣២លាន លានរៀល ដែលចំនួននេះមានការថយចុះចំនួន៤% បើធៀបទៅនឹងច្បាប់កាលពីឆ្នាំ២០២០។ ក្នុងនោះ ចំណាយចរន្តថវិកាជាតិគ្រោងមានចំនួន ជាង១៨លានលានរៀល គឺថយចុះ៥,៤% ធៀបនឹងច្បាប់ឆ្នាំ២០២០។ ចំណែកឯការចំណាយមូលធនថវិការដ្ឋគម្រោងមានចំនួនជាង១៣លាន លានរៀល ថយចុះ១,៩% ធៀបនឹងច្បាប់ឆ្នាំ២០២០ដូចគ្នា។
ការស្នើឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលដូចនេះ កើតមាននៅក្រោយពេលដែលពួកគេសង្កេតឃើញនៅក្នុងខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលបង្ហាញថា វិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានគ្រោងថវិកាជាង ៤លាន លានរៀលដែលថយចុះតែ ០,៥%ប៉ុណ្ណោះធៀបនឹងឆ្នាំមុន ដែលនេះនៅជាចំនួនច្រើនជាងគេនៅឡើយបើធៀបទៅនឹងថវិកាវិស័យចំបាច់ផ្សេងៗទៀត ដូចជា វិស័យសង្គមមួយចំនួនរួមមាន ផែនការយុទ្ធសាស្រ្តទប់ស្កាត់អំពើហឹង្សាលើស្ត្រីរបស់ក្រសួងកិច្ចការនារី ជាមួយនឹងថវិកាជាតិត្រឹម០,៣%ប៉ុណ្ណោះក្នុងឆ្នាំ២០២០។
ក្នុងខ្លឹមសារលិខិតកម្រាស់ជាង១០ទំព័រស្នើទៅរាជរដ្ឋាភិបាល សង្គមស៊ីវិលបានសាទរនឹងការឆ្លើយតបរបស់រដ្ឋាភិបាលទាក់ទងជំងឺកូវីដ១៩ ប៉ុន្តែសង្គមស៊ីវិលក៏បានស្នើឡើងផងដែរពីការជំរុញបន្ថែមទៀតឲ្យមានការយកចិត្តទុកដាក់លើជំងឺមិនឆ្លង។ ជាមួយគ្នានេះដែរសង្គមស៊ីវិលក៏ចង់ឲ្យថវិកាជាតិឆ្នាំ២០២១សម្រាប់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈមានការកើនឡើងលើសពីឆ្នាំមុនៗ ដោយសង្កេតឃើញថានិន្នាការនៃចរន្តថវិកាវិស័យអប់រំមានការធ្លាក់ចុះពីឆ្នាំ ១៨,៣%ក្នុង២០១៧ មកត្រឹម ១៨%នៅឆ្នាំ២០២១នេះ។
បន្ថែមពីលើនេះ សង្គមស៊ីវិលក៏បានសម្តែងការព្រួយបារម្ភថាអាចនឹងមានភាពយឺតយ៉ាវ និងប៉ះពាល់ប្រសិទ្ធភាពនៃការអភិវឌ្ឍនៅតាមមូលដ្ឋានភូមិ ឃុំ ថ្នាក់ក្រោមជាតិផងដែរ ដោយសង្កេតឃើញថា មានការថយចុះក្នុងការចំណាយថវិកាថ្នាក់ក្រោមជាតិចំនួន ២២,៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
គួរជម្រាបជូនថា ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ការចំណាយថវិកាជាតិប្រចាំឆ្នាំនឹងថយមកនៅត្រឹមជិត៤ពាន់លានដុល្លារ បើទោះបីជា ការព្យាករណ៍រំពឹងថា នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញមានកំណើនរង្វង់៣,៥%ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ