អានតួអត្ថបទ
កម្ពុជា-វៀតណាម

កម្ពុជា និងវៀតណាមបន្តសាងសង់ស្តូបមិត្តភាពទី២២នៅក្នុងខេត្តត្បូងឃ្មុំ

ស្តូបមិត្តភាពកម្ពុជា-វៀតណាម  ស្ថិតនៅខេត្តកំពង់ចាម
ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅខេត្តកំពង់ចាម © Internet/ក្រសួងព័ត៌មាន
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

​អាជ្ញាធរ​កម្ពុជា​ ​និង​វៀតណាម​បាន​បើក​ការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ថ្មី​មួយទៀត​នៅ​ក្នុង​ការ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​កន្លងទៅ​។​ ​នេះ​ ​គឺជា​ស្តូប​មិត្តភាព​ទី​២​២​ហើយដែល​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​សាងសង់​ឡើង​នៅ​លើទឹក​ដី​កម្ពុជា​។​ ​បើ​តាម​អាជ្ញាធរ​កម្ពុជា​ ​និង​វៀតណាម​ ​ការ​សាងសង់​ស្តូប​មិត្តភាព​នេះ​ ​គឺ​ដើម្បី​ជា​ការ​រំលឹក​ដឹងគុណ​ដល់​កងទ័ព​វៀតណាម​ដែល​បាន​ពលី​ជីវិត​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​កណ្តាប់ដៃ​របប​ខ្មែរក្រហម​។​ 

ផ្សាយពាណិជ្ជកម្ម

ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមថ្មីនេះ ត្រូវបានចុះផ្សាយឱ្យដឹងដោយសារព័ត៌មានវៀតណាមVOV ហើយត្រូវបានស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាយកមកផ្សព្វផ្សាយជាភាសាខ្មែរនៅថ្ងៃចន្ទម្សិលមិញនេះ។ តាមរយៈការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាម គឺស្តូបមិត្តភាពនេះត្រូវបានសាងសង់ក្នុងបរិវេណសួនច្បារទំហំ៤ហិកតានៅជិតមជ្ឈមណ្ឌលរដ្ឋបាលថ្មីខេត្តត្បូ​ងឃ្មុំ។ វា គឺជាស្តូបមិត្តភាពក​កម្ពុជា-វៀតណាមទី២២ហើយត្រូវបានសាងសង់នៅកម្ពុជា។ ក្នុងនោះ ស្តូបចំនួន១៧ ត្រូវបានសម្ពោធរួចជាស្រេច ខណៈស្តូបចំនួន៤ផ្សេងទៀតនៅក្នុងខេត្តប៉ៃលិន ព្រៃវែង កំពង់ស្ពឺ  និង ឧត្តរមានជ័យ ក៏ត្រូវបានបើកការដ្ឋានសាងសង់ផងដែរ។ សារព័ត៌មានវៀតណាមបានបានអះ​អាង​ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងខេត្តទាំង៤នេះ គ្រោងនឹងរៀបចំសម្ពោធនៅចុងឆ្នាំ២០២០នេះតែម្តង។

សូមបញ្ជាក់ថា ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងទឹកដីកម្ពុជានេះ គឺដើម្បី​ជាការ​រំលឹក​ដឹងគុណ​ដល់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាមដែល​បាន​ពលី​ជីវិត​ក្នុងពេល​ពួកគេ​បាន​ចូលមក​ជួយ​វាយ​រំដោះ​កម្ពុជាចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ស្ថានទូតវៀតណាម ក៏ដូចជាសារព័ត៌មានវៀតណាម បានអះអាងបន្ថែមថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ គឺជានិមិត្តភាពនៃចំណងសាមគ្គីផ្សាភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។

សម្រាប់ស្ថានទូត និងសារព័ត៌មានវៀតណាម  ស្តូបមិត្តភាពនេះ  គឺជាសក្ខីភាពប្រវត្តិសាស្រ្តកត់ត្រានូវបណ្តាពលីកម្មដ៏ធំធេញរបស់កងទ័ពស័្មគ្រចិត្តវៀតណាម ជំនាញការវៀតណាម និងប្រជាជនវៀតណាមទាំងមូលក្នុងការជួយសង្គ្រោះដោយទាន់ពេលវេលាដល់ប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះថ្នាក់ប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម និងបុព្វហេតុកសាងប្រទេសកម្ពុជាប្រកបដោយវិបុលភាពដូចសព្វថ្ងៃ។ ស្ថានទូត និងសារព័ត៌មានវៀតណាម  បានសង្កត់ធ្ងន់ថា ស្តូបមិត្តភាពនេះ នឹងជួយឱ្យស្រទាប់យុវវ័យយល់ដឹងច្បាស់បន្ថែមទៀតអំពីសន្តិភាព សេរីភាព និងចំណងមិត្តភាពសាមគ្គី រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

បើទោះបីជាយ៉ាងណាក៏ដោយ ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជានេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមិនពេញចិត្តឡើយ។ អ្នករិះគន់ខ្លះថា តាមរយៈការសាង់ស្តូបនេះ គឺវៀតណាមចង់ឱ្យកម្ពុជាដឹងគេមិនចេះចប់ ហើយការដឹងគុណនេះ គឺអាចធ្វើឡើងតាមរយៈការកាត់ទឹកដី និងការធ្វើឱ្យជនជាតិវៀតណាមរស់នៅបានស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ អ្នកនាំពាក្យកាន់អំណាច លោកសុខ ឥសាន បានទាត់ចោលដោយគូសបញ្ជាក់ថា ការដឹងគុណរបស់កម្ពុជាចំពោះវៀតណាម គឺមិនមែនជាការយកទឹកដី ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ