គ.ជ.ប គ្រោងរៀបចំការបោះឆ្នោតសាកល្បងឆ្នាំ២០២១តាមប្រព័ន្ធអនឡាញ ក្រោមគម្រោងជំនួយពីជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងឆ្នាំ២០២១ខាងមុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមជំនួយបច្ចេកទេសពីភាគីជប៉ុន។ គម្រោងសាកល្បងការបោះឆ្នោតបែបថ្មីរបស់ គ.ជ.ប ដូច្នេះធ្វើឡើងបន្ទាប់ពីមានជំនួបផ្ទាល់រវាង លោក ស៊ិក ប៊ុនហុក ប្រធានគជប និងលោកស្រី ហារូកូ កាម៉ី ប្រធានអង្គការJICAប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ការបោះឆ្នោតនេះ នឹងរួមបញ្ចូលមានដូចជា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជន និងការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញ។
ការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញនេះរួមមាន ការបញ្ជូន និងទទួលលទ្ធផលបឋម ការបែងចែកអាសនៈគណបក្ស ព្រមទាំងការស្រង់ឈ្មោះបេក្ខភាពជាប់ឆ្នោត ក៏សុទ្ធសឹងតែប្រព្រឹត្តទៅតាមប្រព័ន្ធកុំព្យូទ័រទាំងអស់។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានលើកឡើងថា បើលទ្ធផលនៃការបោះឆ្នោតសាកល្បងឆ្នាំ២០២១នេះ ទទួលបានលទ្ធផលជោគជ័យ នោះគជបនឹងរៀបចំបោះឆ្នោតឆ្នាំ២០២២ និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប នៅថ្ងៃព្រហស្បតិ៍ ទី២៦វិច្ឆិកានេះ។
យ៉ាងណាមិញការរៀបចំបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឲ្យមានការសហការនិងជំនួយទាំងផ្នែកសម្ភារៈ ទាំងផ្នែកបច្ចេកទេស។
លោកស្រី ហារូកូ កាម៉ី ប្រធានថ្មីនៃអង្គការJICAប្រចាំកម្ពុជា បានលើកឡើងថា អង្គការJICAបានទទួលសំណើជំនួយនេះតាំងពីខែសីហា ក៏ប៉ុន្តែដំណើរការនៃការផ្តល់ជំនួយត្រូវសិក្សាលម្អិតបន្ថែម និងរង់ចាំការសម្រេចពីរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តនៃការរៀបចំការបោះឆ្នោតសាកល្បង តាមប្រព័ន្ធបច្ចេកវិទ្យាឆ្នាំ២០២១។
ទាក់ទងទៅនឹងគម្រោងរៀបចំការបោះឆ្នោតតាមអនឡាញនេះដែរ លោក កន សារ៉ាវង្ស មន្រ្តីអង្គការខុមហ្វ្រែល សម្តែងការស្វាគមន៍។ ស្វាគមន៍ដោយលោកយល់ថា គួរតែមានការរៀបចំធ្វើតាមអនឡាញ ចាប់តាំងពីការចុះឈ្មោះបោះឆ្នោត រហូតដល់ការបោះឆ្នោត ដោយមានការសិក្សាឲ្យបានច្បាស់លាស់ និងមានការចូលរួមទទួលធាតុចូលពីអ្នកពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ គ.ជ.ប បានចេញនូវបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានចំនួនជិត៩លាននាក់ ហើយក្នុងនោះមានអ្នកត្រូវលុបឈ្មោះចេញពីការបោះឆ្នោតចំនួនជាង១៥ម៉ឺននាក់ ដោយហេតុថាពួកគេខ្លះបានទទួលមរណភាព ខ្លះផ្លាស់ទីលំនៅ ខ្លះចុះឈ្មោះលើសពីមួយកន្លែង និងខ្លះទៀតត្រូវបានដកហូតសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ