អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងរួមគំនិតក្បត់៖តុលាការលើកពេលសវនាការមន្រ្តីនិងសកម្មជនអតីតបក្សប្រឆាំងទៅធ្វើដើមឆ្នាំក្រោយវិញ

លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាអតីតគណបក្សប្រឆាំង ក៏ចូលរួមបំភ្លឺនៅក្នុងសំណុំរឿងរួមគំនិតក្បត់
លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាអតីតគណបក្សប្រឆាំង ក៏ចូលរួមបំភ្លឺនៅក្នុងសំណុំរឿងរួមគំនិតក្បត់ © FB
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

ដូច​ការ​គ្រោងទុក​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​នេះ​ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សួរ​ឆ្លើយ​ទៅលើ​ម​ន្រ្តី ​និង​សកម្មជន​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​ជាង​១​០​០​នាក់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រួមគំនិតក្បត់​ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​។​ ​បន្ទាប់ពី​សួរ​ឆ្លើយ​លើ​មន្ត្រី​ ​និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​រួចមក​ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​ប្រកាស​លើក​សវនាការ​នេះ​ទៅ​ធ្វើ​នៅដើម​ឆ្នាំ​២​០​២​១​វិញ​។

ផ្សាយពាណិជ្ជកម្ម

សវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺបានសួរនាំលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងមួយចំនួន ហើយតុលាការបានសម្រេចច្របាច់បញ្ចូលសំណុំរឿងទាំង៤របស់ពួកគេមកជាពីរសំណុំរឿងវិញ។ សំណុំរឿងទាំងពីរនេះ គឺតុលាការបានសម្រេចចែកចេញជាពីរដំណាក់កាលបន្ថែមទៀត គឺដំណាក់កាលទី១ តុលាការនឹងសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងដំណាក់កាលទី២ គឺនឹងធ្វើឡើងនៅថ្ងៃ៤ ខែមីនា ឆ្នាំ២០២១។

ជាការកត់សម្គាល់ នៅព្រឹកមិញនេះ មន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងជាច្រើននាក់បានបង្ហាញវត្តមាននៅមុខតុ​លាការ ដើម្បីចូលឆ្លើយបំភ្លឺ។ ក្នុងនោះ ក៏មានវត្តមានលោកថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភាអតីត​គណបក្ស​ប្រឆាំង និង​ជានា​យក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កញ្ញាសេង ធារី ​និងកញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្សេត​ អតីតចៅសង្កាត់របស់អតីតបក្សប្រឆាំងនៅក្នុងខេត្តបាត់ដំបង។ ចំណែក មន្រ្តី និងសកម្មជននៅក្រៅប្រទេសវិញ មិនបានបង្ហាញវត្តមាននោះទេ។ នៅព្រឹកនេះដែរ នៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក៏មានការដាក់ពង្រាយកងកម្លាំងប៉ូលីសជាច្រើននាក់ ដើម្បីរឹតបន្តឹង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ មន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណជិត១៤០នាក់ត្រូវចូលទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីឆ្លើយបំភ្លឺក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ ពួកគេទាំងនេះ ខ្លះក៏បានទទួលដីកាកោះហៅដោយផ្ទាល់ ខណៈខ្លះទៀតដឹងដំណឹងនេះតាមការប្រាប់តៗគ្នា។ ប៉ុន្តែពួកគេមួយចំនួននៅតែទៅកាន់តុលាការតាមកាលកំណត់ ដើម្បីបានដឹង និងតាមដានពីដំណើរឿងក្តីរបស់ពួកគេ បើទោះមិនទាន់ត្រូវបានតុលាការសួរនាំក៏ដោយ។

នៅមុនថ្ងៃសវនាការនេះមួយថ្ងៃ ពោល គឺនៅថ្ងៃពុធម្សិលមិញ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសម្តែងក្តីកង្វល់ចំពោះសវនាការទ្រង់ទ្រាយធំរបស់តុលាការកម្ពុជានេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រីរ៉ូណា ស្មីត បានហៅសវនាការនេះថា ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។ លោកស្រីបានគូសបញ្ជាក់ទៀតថា ដំណើរក្តីរបស់តុលាការកម្ពុជានេះ ទំនងជាផ្នែកមួយនៃយុទ្ធសាស្រ្តបំភិតបំភ័យ និងបំបាត់មុខគូប្រជែងរបស់រដ្ឋាភិបាលកម្ពុជា៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ