អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ ដោយសម្លេងឯកច្ឆ័ន្ទខុសពីការំពឹងរបស់សង្គមស៊ីវិល

ការប្រជុំអនុម័តអំពីថវិកាជាតិដែលត្រូវចំណាយសម្រាប់ឆ្នាំ២០២១ នៃរដ្ឋសភា កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា
ការប្រជុំអនុម័តអំពីថវិកាជាតិដែលត្រូវចំណាយសម្រាប់ឆ្នាំ២០២១ នៃរដ្ឋសភា កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា © FB
ដោយ៖ វុធ ច័ន្ទតារា
១៤ នាទី

​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២១  ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​អនុម័ត​ជា​ស្ថាពរហើយ​នៅ​ថ្ងៃ​ពុធ​ទី២៥ វិច្ឆិកា​នេះ ក្នុង​សម័យ​ប្រជុំ​លើក​ទី៥ នីតិកាលទី៦ នៅ​រដ្ឋសភា។  ការ​ប្រជុំ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​សម្រាប់​ចាយ​វាយ​ឆ្នាំ២០២១​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ឆ្លង​កាត់​កិច្ច​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ជាង ​១ខែមុន​។  ក៏​ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​រង​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល​ថា​ចំណាយលើ​វិស័យ​ដែល​មិន​ចាំ​បាច់​ច្រើន។

ផ្សាយពាណិជ្ជកម្ម

​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ស​ម្រា​ប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ ដែលមាន៦ជំពូក និង១៥មាត្រានេះ ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ក្នុង​សម្លេង១១៦លើ១១៦នៃ​ចំនួន​សមាជិក​រដ្ឋសភា​ដែល​បាន​ចូល​រួម​ប្រជុំកាល​ពី​ព្រឹក​មិញ ដែល​ប្រកាណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២លាន​លាន​រៀល(៣២,០០៩,៧៤២លានរៀល) ​ឬស្មើនឹង​ប្រមាណ​ជា​ ៧៥០០​លាន​ដុល្លារ​អាមេរិកសម្រាប់ឆ្នាំ​២០២១​ខាងមុខ។ នេះ​បើតាមការលើកឡើងរបស់លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភាប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃនេះ។

ជាការកត់សម្គាល់ ថវិកាជាតិសម្រាប់ចាយវាយនៅឆ្នាំ២០២១ខាងមុខមានការថយចុះប្រមាណ៤%បើប្រៀធៀបនឹងច្បាប់កាលពីឆ្នាំ២០២០ដែលថវិកាសរុបជាង៣៣លាន​ លានរៀល(៣៣,៣៣៩,៦៣៣លានរៀល)។ ដោយឡែកសម្រាប់ចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល គ្រោងប្រមូលឲ្យបានក្នុងចំនួនជាង ១៩លានលានរៀល ស្មើនឹងប្រមាណ ៤,៩០០ លានដុល្លារថយចុះ១៧.៣%ធៀបនឹងឆ្នាំ២០២០។

គួររំលឹកដែរថា គម្រោង​ចាយ​វាយ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២១​បាន​បង្ហាញ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​ និង​សន្តិសុខ​ជាតិ​នៅតែ ​ខ្ពស់​ជាង​វិស័យ​អាទិភាព​សំខាន់ៗ​ផ្សេង​ទៀត​ ​រួមមាន​វិស័យ​អប់រំ​ សុខាភិបាល​ និង​សង្គម​កិច្ច ដែល​ប្រការណ៍​នេះ​ត្រូវ​បាន​សង្គមស៊ីវិល​យល់​ឃើញ​ថា​ជាចំណាយ​មិន​ចាំ​បាច់ ហើយ​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​រដ្ឋសភា ឲ្យ​កាត់​បន្ថយ​ថវិកា​លើ​វិស័យ​យោធា​និង​សន្តិសុខ​ជាតិ​នេះ​ដែរ។ ប៉ុន្តែលោក ឡេង ប៉េង​ឡុង​បាន​លើក​ឡើង​ថា រដ្ឋសភា​ពុំ​បាន​កាត់​បន្ថយ​ថវិកា​ផ្នែក​យោធា តាម​សំណើរ​របស់សង្គមស៊ីវិល​នោះទេ ដោយបានពន្យល់ថា រដ្ឋាភិបាល​បាន​គិត​គូរ​និង​ត្រួត​ពិនិត្យ​លើ​គ្រប់​វិស័យ​រួច​អស់ហើយ មុននឹងធ្វើការអនុម័តសេចក្តីព្រាងច្បាប់នេះ។

គួរ​ជម្រាប​ជូន​ថា ចាប់​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ២០២៣ ការ​ចំណាយ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​នឹងមានការ​ថយចុះជាបន្តបន្ទាប់ បើទោះបីជាការព្យាករណ៍​រំពឹង​ថា នៅឆ្នាំ២០២១សេដ្ឋកិច្ច​កម្ពុជានឹង​ងើប​ឡើង​វិញដោយ​មាន​កំណើន​ក្នុងរង្វង់​៣,៥%​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ