អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

បញ្ហាប្លាស្ទិកនៅកម្ពុជា៖ ស្ថានទូតជប៉ុននិងUNDP នឹងជំរុញការអនុវត្តគោលការណ៍4Rsបន្ថែម

សំរាម និងកាកសំណល់ទុក ដោយភ្ញៀវទេសចរ អំឡុងពេលឈប់សម្រាកសងចូលឆ្នាំខ្មែរ តាមរមនីយដ្ឋាន
សំរាម និងកាកសំណល់ទុក ដោយភ្ញៀវទេសចរ អំឡុងពេលឈប់សម្រាកសងចូលឆ្នាំខ្មែរ តាមរមនីយដ្ឋាន © FB/ក្រសួងបរិស្ថាន
ដោយ៖ ជួប នរក្សា
១៤ នាទី

​ស្ថានទូត​ជប៉ុន​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UN​D​P​) ​បាន​សហការ​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ទប់​ស្កាត់​នឹង​សំណល់​ប្លាស្ទិក​នៅ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​២​៥​ខែវិច្ឆិកា​។​ ​កិច្ចព្រមព្រៀង​នេះ​ ​មាន​គោលបំណង​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​លើ​ដី​ ​និង​ក្នុង​សមុទ្រ​ ​តាមរយៈ​ការ​អនុវត្ត​តាម​គោលការណ៍​ 4Rs (​កុំ​ប្រើ​ប្លាស្ទិក​ ​កាត់បន្ថយ​ប្លាស្ទិក​ ​ប្រើ​ឡើងវិញ​ ​និង​កែច្នៃ​យកមក​ប្រើប្រាស់​)​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈកិច្ចព្រមព្រៀងរវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ក្នុងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជានេះ នឹងបង្កើនការយល់ដឹងនិងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមតំបន់ខេត្តមានសក្តានុពលក្នុងវិស័យទេសចរណ៍ និងតំបន់ខេត្តនៃមាត់សមុទ្រកម្ពុជា មានដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ព្រមទាំងទីក្រុងភ្នំពេញផងដែរ។

កិច្ចព្រមព្រៀងនេះនឹងជំរុញបន្ថែមលើការអនុវត្តគោលការណ៍ 4Rs ដែលមានដូចជា ការកុំប្រើប្លាស្ទិក ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃយកមកប្រើប្រាស់ ដែលជាគោលការណ៍កម្ពុជា ធ្លាប់បានអនុវត្តមកតាំងពីឆ្នាំ២០១៨។

លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ការបំពុលទឹកសមុទ្រដោយសារប្លាស្ទិកបានក្លាយជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរមួយនៅលើសកលលោក។ ហេតុនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសអនុវត្តគំនិតក្នុងការជំរុញឲ្យមានយន្តការប្រសិទ្ធភាពនានាក្នុងការប្រឆាំងនឹងការបំពុលនៃប្លាស្ទិកទៅក្នុងសមុទ្រ។

ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣លានតោនបានហូរចូលទៅក្នុងសមុទ្រ ហើយសំណល់ប្លាស្ទិកប្រមាណ៩០%មានប្រភពមកពីទន្លេធំៗចំនួន១០ ដែលក្នុងនោះមានទន្លេមេគង្គផងដែរ។ កាកសំណល់ប្លាស្ទិកទាំងនោះបានប៉ះពាល់ដល់ថនិកសត្វ និងជីវៈចម្រុះ ព្រមទាំងមច្ឆាជាង៩០% ដោយសារការលេបប្លាស្ទិកចូលទៅក្នុងពោះ។

សម្រាប់កម្ពុជា ប្លាស្ទិកចំនួន៤៨%បានចាក់ចូលទៅក្នុងសមុទ្រជាប្រចាំ និងសត្វសមុទ្រជាង១លានបានស្លាប់ដោយសារតែបញ្ហាប្លាស្ទិកនេះ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។

លោក Nick Beresford អ្នកតំណាងUNDPប្រចាំកម្ពុជា បានលើកឡើងថា វិធានការទប់ស្កាត់នឹងការបំពុលប្លាស្ទិក គឺជាការងារមួយដ៏ពិបាក។ ក៏ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យមានការយល់ដឹងបន្ថែមអំពីបញ្ហាបរិស្ថាន និងការផ្លាស់ប្តូរឥរិយាបថទៅកាន់បរិស្ថាន។

យ៉ាងណាមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យសំណល់ប្លាស្ទិកនៅកម្ពុជា មានការកាត់បន្ថយ និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន នឹងយកកម្ពុជាជាគំរូក្នុងការទប់ស្កាត់ការបំពុលនៃប្លាស្ទិកទៅក្នុងសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ