អ្នកវិភាគ៖ការផ្តល់ម៉ាសដល់ប្រទេសក្នុងតំបន់ គឺជាយុទ្ធសាស្រ្តឆ្លៀតទាញពង្រឹងចំណងមិត្តភាពបន្ថែមទៀតរបស់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
អ្នកតាមដាន និងវិភាគបញ្ហានយោបាយកម្ពុជានៅថ្ងៃសុក្រនេះ បានមើលឃើញពីផលវិជ្ជមាននៃសកម្មភាពផ្តល់ជំនួយជាម៉ាស និងសម្ភាៈវជ្ជសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជាទៅដល់ប្រទេសឡាវ មីយ៉ាន់ម៉ា និង ប្រទេសទីម័រខាងកើត។ សម្រាប់អ្នកតាមដាន និងវិភាគនយោបាយនៅកម្ពុជា ការផ្តល់ជំនួយជាម៉ាស និងសម្ភារៈវជ្ជសាស្ត្រទាំងនេះ គឺជាយុទ្ធសាស្រ្តនយោបាយលការបរទេសរបស់កម្ពុជា ដើម្បីឆ្លៀតទាញពង្រឹងចំណងទាក់ទងគ្នាបន្ថែមទៀតជាមួយប្រទេសទាំង៣នេះ។
លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានមើលឃើញនូវហេតុផលពីរនៃការផ្តល់ជំនួយជាម៉ាស និងសម្ភារៈវជ្ជសាស្រ្តរបស់កម្ពុជាដល់ប្រទេសក្នុងតំបន់ គឺទី១ ជាសកម្មភាពមនុស្សធម៌ដែលកម្ពុជាចែករំលែកដល់ប្រទេស និងប្រជាជននៃប្រទេសនោះនៅក្នុងស្ថានភាពនៃការវាយលុកដោយសារជំងឺកូវីដ១៩។ ទីពីរ វាគឺជាយុទ្ធសាស្រ្តនៃនយោបាយបរទេសរបស់កម្ពុជា ពោល គឺកម្ពុជាចង់ឆ្លៀតឱកាសនេះ ដើម្បីទាញពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងនោះឱ្យកាន់តែល្អ និងរឹងមាំបន្ថែមទៀត។
ចំណែក លោកបណ្ឌិតគិន ភា ដែលជាប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាវិញក៏យល់ឃើញដូចគ្នានេះដែរ។ លោកបណ្ឌិតគិន ភា បានចាត់ទុកកាយវិកាយរបស់រដ្ឋាភិបាលកម្ពុជានេះថា ជាឥរិយាបថមួយដ៏ល្អក្នុងការលើកម្ពស់កម្រិតទំនាក់ទំនង បង្កើនភាពទុកចិត្ត និងការជឿជាក់គ្នារវាងកម្ពុជា និងប្រទេសទាំងនោះ បន្ថែមពីលើសកម្មភាពមនុស្សធម៌។
យ៉ាងណាក៏ដោយ កម្ពុជាមិនត្រូវចេះតែផ្តល់ម៉ាស និងសម្ភារវជ្ជសាស្រ្តដល់ប្រទេសគេផ្សេងរហូតដល់ភ្លេចគិតពីខ្លួនឯងនោះទេ។ លោកបណ្ឌិតប៉ា ច័ន្ទរឿន បានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវគិតគូរចែកម៉ាស និងសម្ភារវជ្ជសាស្ដ្រដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាព និងសុខសន្តិភាពដល់ពួកគេឱ្យរួចផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែ លោកបណ្ឌិតគិន ភា វិញជឿថា រដ្ឋាភិបាលកម្ពុជាពិតជាបានគិតគូរច្បាស់លាស់ពីបញ្ហានេះ។ លោកបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនមែនចេះតែធ្វើអ្វីមួយដោយមិនបានថ្លឹងថ្លែងនោះឡើយ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៦ខែវិច្ឆិកាម្សិលមិញ បានសម្រេចផ្តល់ជំនួយជាម៉ាសចំនួន ១លាន៦ម៉ឺនម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតដល់ប្រទេសទីម័រខាងកើត ដើម្បីចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ជំនួយទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះទៅដល់ប្រទេសទីម័រខាងកើត នៅថ្ងៃទី ២៩ ខែវិច្ឆិកា។ ក្រៅពីប្រទេសទីម័រខាងកើត កម្ពុជាក៏ទើបតែបានផ្តល់ជំនួយម៉ាសចំនួន ២លានម៉ាស ដល់ប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងសម្ភារៈបរិក្ខាវជ្ជសាស្រ្តមួយចំនួនទៀត។
ប៉ុន្តែកាយវិការរបស់រដ្ឋាភិបាលកម្ពុជានេះ ក៏បានទទួលរងការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនផងដែរដោយថា កម្ពុជាផ្តល់ជំនួយដល់គេទាំងខ្លួនជាប្រទេសតូច និងក្រីក្រ។ ឆ្លើយតបនឹងការរិះគន់នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានគូសបញ្ជាក់ថា ជំនួយទាំងអស់នេះ គឺជាកាយវិការមនុស្សធម៌ និងការចេះជួយគ្នារបស់កម្ពុជា។ លោកបានអះអាងបន្ថែមថា កម្ពុជាជាប្រទេសក្រ និង តូចល្អិតមែន ក៏ប៉ុន្តែកម្ពុជាមានចិត្តធំទូលាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ