អានតួអត្ថបទ
កម្ពុជា-ស៊ុយអែត

ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាប្រកាសបិទទ្វារនៅចុងឆ្នាំ២០២១

រូបភាពតំណាង
រូបភាពតំណាង © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ប្រកាស​នៅ​ថ្ងៃ​ទី​២​៦​វិច្ឆិកា​ ​ម្សិលមិញ​ថា​ ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទី​ក្រុងភ្នំពេញ​(​ជាន់​ទី​១​០​នៃ​អគារ​ភ្នំពេញ​ថោ​វ័រ​)​នឹង​ត្រូវ​បិទទ្វារ​នៅ​ចុង​ឆ្នាំ​២​០​២​១​។​ ​ប្រទេស​ដែល​ជា​គំរូ​ខាង​ការគោរព​សិទ្ធិមនុស្ស​មួយ​នេះ​បាន​អះអាង​ថា​ស៊ុ​យ​អែ​ត​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​កម្ពុជា​នោះ​នឹង​បន្ត​ការងារ​នេះ​តាម​តាមវិធី​ថ្មី​។​ ​សម្រាប់​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ក្នុងស្រុក​ខ្មែរ​សំដែង​ការ​សោកស្តាយ​។​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ ​អះអាង​ថា​ ​ការ​បិទ​ស្ថានទូត​នេះ​ ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ស៊ុ​យ​អែ​ត​ទេ​។​ 

ផ្សាយពាណិជ្ជកម្ម

នៅពេលស្ថានទូតស៊ុយអែតនៅទីក្រុង​ភ្នំពេញ​ត្រូវបិទ​ទ្វារ​នៅចុង​ឆ្នាំ​២០២១ នោះឯកអគ្គរដ្ឋទូតស៊ុយអែត​​ប្រចាំនៅទីក្រុងបាងកកនឹងរ៉ាប់រងការងារទូតនៅប្រទេសកម្ពុជាថែមទៀត ហើយសកម្មភាពការងារជា​មួយ​ក្រសួងការបរទេសក៏ត្រូវផ្ទេរទៅស្ថានទូតស៊ុយអែតនៅទីក្រុងបាងកកផងដែរ។ នេះបើតាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​ស៊ុយអែត​ នៅថ្ងៃទី២៦​វិច្ឆិកា​២០២០។

ដូច្នេះនឹងមិនមានបុគ្គលិកផ្នែកការទូតប្រចាំការនៅកម្ពុជាទៀតហើយ តែថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​នឹងបន្តអនុវត្តដោយអង្គការស៊ុយអែតឈ្មោះស៊ីដា។

បើតាមប្រទេសស៊ុយអែត ការផ្លាស់ប្តូរទាំងនេះ គឺជាផ្នែកមួយនៃការសម្របខ្លួន ទៅតាមស្ថានភាពជាក់​ស្តែង​នៃអង្គការចាត់តាំង​របស់ខ្លួននៅឯបរទេស ហើយថានេះគឺជាដំណើរការផ្លាស់ប្តូរដោយ​ទៀតទាត់មួយដែលប្រទេសស៊ុយអែត ពេលខ្លះបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួន ស្របតាមតម្រូវការជាក់​ស្តែង។

យ៉ាងណាក៏ដោយ​សម្រាប់មន្ត្រីសិទ្ធិ​មនុស្ស​នៅក្នុង​ស្រុក​ខ្មែរ​សំដែងការសោកស្តាយ​។ សោកស្តាយ​ពី​ព្រោះថា តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាមក មានបណ្តារប្រទេសលោកសេរីជាច្រើនបានចំណាយថវិកាអស់ជាច្រើនម៉ឺន-លានដុល្លារ ជួយជ្រោមជ្រែងកម្ពុជា ឲ្យមានរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។នេះជាការ​លើក​ឡើង​របស់ សឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។

សូមបញ្ជាក់ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​ស៊ុយ​អែតបានបង្កើត​ឡើង​តាំងពីឆ្នាំ១៩៦១ គឺការងារ​ទូតត្រូវបានធ្វើឡើង​តាម​រយៈ​ស្ថានទូតរបស់ខ្លួនប្រចាំនៅបាងកក ពោល​ស្ថានទូត​ស៊ុយ​អែត​នៅ​កម្ពុជា​ទើបបង្កើត​ឡើង​នៅឆ្នាំ២០១០។

រយៈពេល​១០​ឆ្នាំមកនេះ ស៊ុយអែត​ដែលជា​សមាជិក​របស់​សហភាពអឺរ៉ុប​ បានគូសបញ្ជាក់ថា ខ្លួនបាន​រួមចំណែកយ៉ាងសកម្ម ក្នុងការ​សម្របសម្រួលបញ្ហានយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ គោលនយោបាយពាណិជ្ជកម្ម និងវប្បធម៌។

កាល​ពី​ខែ​មិថុនា​ ​ស៊ុយអែត​បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ ដោយសំអាង​ថា ​លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំមកនេះមាន​ការ​ រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ។​ នេះជាចំណាត់ការមួយរបស់​ស៊ុយអែត ស្របពេលសហភាពអឺរ៉ុបបានដកហូតប្រព័ន្ធ​អនុគ្រោះ​ ​(EBA)២០%ពីកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ