ក្រុមការងាស្រង់សម្ដីសំខាន់ៗរបស់នាយករដ្ឋមន្ត្រីដើម្បីយកទៅអនុវត្តត្រូវបានបង្កើតឡើង
ចុះផ្សាយនៅថ្ងៃ៖
ក្រុមការងារសម្រង់សម្ដីសំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងតាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី១៣វិច្ឆិកា របស់ក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។ ក្រុមការងារនេះមានភារកិច្ចតាមដាន និងសម្រង់សម្ដីសំខាន់ៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធ្វើជាបញ្ជីដាក់ឲ្យស្ថានប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន អនុវត្តក្នុងគោលដៅលឿនរហ័សនិងមានប្រសិទ្ធិភាព។ ចំណែកសង្គមស៊ីវិលមើលឃើញថា យន្តការថ្មីនេះមានប្រសិទ្ធិភាពតិចតួចសម្រាប់ពលរដ្ឋ។
ក្រុមការងារសម្រង់សម្ដីសំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមាសភាព១១រូប។ ផ្អែកតាមប្រការ៣នៃសេក្ដីសម្រេចនេះ ក្រុមការងារសម្រង់សម្ដីនាយករដ្ឋមន្ត្រីត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ឬករណីបន្ទាន់អាចរាយការណ៍តាមទូរសព្ទ ឬប្រព័ន្ធអេឡិចត្រូនិចនានា ដើម្បីក្រើនរំឭកឲ្យបង្កើនការអនុវត្តទៅតាមអនុសាសន៍ និងសេចក្ដីសម្រេចនានាដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងគោលដៅលឿនរហ័ស និងមានប្រសិទ្ធិភាព។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានស្វាគមន៍ចំពោះយន្តការថ្មីនេះតែលោកយល់ថា ការដោះស្រាយបញ្ហាមួយដែលមានប្រសិទ្ធភាពគឺអនុវត្តទៅតាមច្បាប់រដ្ឋបាល ដែលមានស្រាប់ និងជម្រុញឲ្យមន្ត្រីថ្នាក់ក្រោមនិងថ្នាក់ជាតិអនុវត្តជាចាំបាច់។ សម្រាប់លោក សន ជ័យ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនគួរផ្ដោតទៅលើប្រជាប្រិយភាពនយោបាយនោះទេ តែការដោះស្រាយបញ្ហាជូនពលរដ្ឋដោយឈរលើយន្តការច្បាប់ដែលមានស្រាប់ដើម្បីបង្ហាញពីនិរន្តភាពនៃដំណោះស្រាយយូរអង្វែង ហើយការផ្ដល់សិទ្ធិសម្រេចឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ វាចាំបាច់ជាងការបង្កើតយន្តការតាមដានការអនុវត្តតាមប្រសាសន៍នាយករដ្ឋមន្ត្រីទៅទៀត។
ចំណែក លោក មាស នី អ្នកស្រាវបញ្ហាសង្គមមើលឃើញថា យន្តការដោះស្រាយបញ្ហាជូនពលរដ្ឋនៅថ្នាក់ក្រោមជាតិកើតមានគ្រប់រូបភាពមកហើយ តែនៅឡើយប្រសិទ្ធិភាពដែលពលរដ្ឋទទួលបានមានកម្រិត។ នៅចំពោះមុខការដោះស្រាយបញ្ហានៅថ្នាក់ក្រោមជាតិប្រសិទ្ធិភាពនៅមានកម្រិត លោក មាស នី ស្នើឲ្យអាជ្ញាធររកដំណោះស្រាយនៃបញ្ហាដោយឈរជាជំហរភ្នែកច្រមុះរដ្ឋាភិបាល ប្រសើរជាងក្នុងនាមគណបក្សនយោបាយ។
ជាការកត់សម្គាល់ នៅក្នុងការរួមចំណែកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ គេសង្កេតឃើញថា មានយន្តការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖យន្តការដោះស្រាយកង្វល់ប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេសប៊ុកដែលក្រសួងមហាផ្ទៃកំពុងតែអនុវត្ត និងត្រូវបានក្រសួងមហាផ្ទៃអះអាងថា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានច្រើនករណី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ