ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៖អ្នកឆ្លងកូវីដ១៩បានកើនឡើងដល់១៤នាក់ហើយ
ចុះផ្សាយនៅថ្ងៃ៖
មនុស្ស៨នាក់ទៀតត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ នៅថ្ងៃទី២៩វិច្ឆិកា ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» បានកើនឡើងដល់១៤នាក់ហើយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ លទ្ធផលវិជ្ជមានកូវីដ១៩នេះ គឺជាលទ្ធផលនៃសំណាករបស់មនុស្ស២.២៤៨នាក់ ខណៈមនុស្សនៅសល់១.០៨៤នាក់ទៀតដែលបានយកសំណាកទៅធ្វើតេស្តនៅមិនទាន់ចេញលទ្ធផលនៅឡើយ។
ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ត្រូវតែមកធ្វើតេស្តឲ្យបានគ្រប់គ្នា និងនៅដាច់ដោយឡែក១៤ថ្ងៃ។ សម្រាប់អ្នកដែលមិនមានផ្ទះសម្រាប់ធ្វើចត្តាឡីស័ក្ត គឺក្រសួងសុខាភិបាលប្រាប់ឲ្យទៅស្នាក់នៅសណ្ឋាគារសុខា-ភ្នំពេញ ខណៈអ្នកនៅតាមខេត្តគឺត្រូវទៅមណ្ឌលចត្តាឡីស័ក្តដែលរៀបចំដោយអាជ្ញាធរ ហើយការចំណាយធ្វើតេស្ត និងការស្នាក់នៅធ្វើចត្តាឡីស័ក្តជាបន្ទុករបស់រដ្ឋ។
គិតត្រឹមថ្ងៃទី២៩វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តលើសំណាករបស់មនុស្ស៣.៣៣២នាក់ ដែលច្រើនជាងគេគឺនៅភ្នំពេញ និងខេត្តចំនួន៧ទៀត ដូចជា បន្ទាយមានជ័យ បាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ និងសៀមរាប ជាដើម។ ក្នុងចំណោមសំណាកមនុស្ស២.២៤៨នាក់ គឺមានអ្នកវិជ្ជមានកូវីដ១៩ចំនួន១៤នាក់ ខណៈនៅសល់១.០៨៤នាក់ទៀតដែលបានយកសំណាកទៅធ្វើតេស្តនៅមិនទាន់ចេញលទ្ធផលនៅឡើយ។
អ្នកដែលឆ្លងកូវីដទាំង១៤នាក់នេះគឺសុទ្ធតែជាអ្នកពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ដែលមានភរិយាអគ្គនាយកពន្ធនាគារត្រូវបានរកឃើញមុន។
ចំណែកអ្នកដែលឆ្លងបន្តបន្ទាប់ក្រៅពីក្រុមគ្រួសារនេះគឺមានស្ត្រីខ្មែរអាយុ៣៦ឆ្នាំរស់នៅសង្កាត់ទួលទំពូង ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ ខណៈស្ត្រីអាយុ២៤ឆ្នាំម្នាក់ទៀតនៅសង្កាត់ឃ្មួញ ដែលមានស្វាមីជាមន្ត្រីនាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃក៏ឆ្លងជំងឺនេះដូចគ្នា។
រីឯមនុស្ស៦នាក់ទៀត រាប់ទាំងកុមារអាយុ៧ឆ្នាំផង រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាអ្នកពាក់ព័ន្ធ«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»ដែរនោះគឺមានវិជ្ជមានកូវីដ១៩ ហើយពួកគេទាំងនោះត្រូវដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ