ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងប្រកាសវិលចូលស្រុកជាថ្មីនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១
ចុះផ្សាយនៅថ្ងៃ៖
ថ្នាក់ដឹកនាំ អ្នកតំណាងរាស្រ្ត និងមន្រ្តីសាខាអតីតបក្សប្រឆាំងនៅក្រៅប្រទេសបានជួបប្រជុំគ្នាតាមអនឡាញរយៈពេល៣ថ្ងៃពីថ្ងៃទី២៧ដល់២៩ ខែវិច្ឆិកា ដើម្បីពិភាក្សា និង វាយតម្លៃពីស្ថានភាពនយោបាយនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិបានសម្រេចឱ្យមន្រ្តីរបស់ខ្លួនដែលមានឈ្មោះក្នុងដីកាហៅរបស់តុលាការចូលមកប្រទេសកម្ពុជាវិញ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងក៏បានប្រកាសធ្វើមាតុភូមិនិវត្តនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា បើពួកគេមកដល់ពេលណា អាជ្ញាធរនឹងអនុវត្តច្បាប់លើពួកគេភ្លាម។
គឺនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែធ្នូនេះ អតីតគណបក្សសង្រ្គោះជាតិបានសម្រេចឱ្យថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សប្រឆាំងដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលកំពុងរស់នៅនិរទេសក្រៅប្រទេស ត្រូវវិលត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញ។ បន្ថែមលើនេះ អតីតបក្សប្រឆាំងក៏បានសម្រេចឱ្យលោកស្រីមួរ សុខហួរ ដែលជាអនុប្រធានបក្សដឹកនាំថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សប្រឆាំងធ្វើមាតុភូមិនិវត្តន៍ចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នបានហៅក្រុមថ្នាក់ដឹកនាំអតីតបក្សប្រឆាំងថា ជាមនុស្សដែលប្រជាជនកម្ពុជាមិនស្វាគមន៍ដែលដូច្នេះហើយ មិនត្រូវបានចូលប្រទេសនោះទេ។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា នៅពេលណាដែលសមាជិកអតីតគណក្សបក្សប្រឆាំងមកដល់ប្រទេសកម្ពុជា គឺអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់កម្ពុជា ។
យ៉ាងណាក៏ដោយ លោកស្រីមួរ សុខហួរ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា បើទោះមានការរារាំង ឬការចាប់ព្រមានចាប់ខ្លួនពីអាជ្ញាធរកម្ពុជាក៏ដោយ ក៏លោកស្រី និងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកអតីតបក្សប្រឆាំងដទៃទៀតនឹងប្តេជ្ញាមកប្រទេសកម្ពុជាឱ្យបានតាមការគ្រោងទុក។ បើតាមលោកស្រីមួរ សុខហួរ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងដែលត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចប់សុពលភាពលិខិតឆ្លងដែន នឹងប្រើប្រាស់លិខិតឆ្លងដែនរបរទេសរបស់ពួកគេ ដើម្បីធ្វើដំណើរចូលមកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នេះ គឺជាគម្រោងធ្វើមាតុភូមិនិវត្តន៍លើកទី២ហើយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបរាជ័យចូលស្រុកកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ យ៉ាងណាមិញ គម្រោងមកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ គឺក្រុមថ្នាក់ដឹកនាំ និងមន្រ្តីអតីតបក្សប្រឆាំងចង់មកឱ្យទាន់ចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលជាសវនាការលើសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទសល្មើសជាអាទិ៍។ សំណុំរឿងទាំងពីរនេះ គឺតុលាការកម្ពុជាបានកោះហៅមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងដល់ទៅជាង១០០នាក់។ តុលាការក្រុងភ្នំពេញ បានគ្រោងសួរនាំលើពួកគេទាំងនេះជាពីរដំណាក់កាល គឺទីមួយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងដំណាក់កាលទី២ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ