អានតួអត្ថបទ
កម្ពុជា-ប្រវត្តិសាស្រ្ត

កូវីដ១៩៖ មេដឹកនាំខ្មែរដែលបានបង្កើតទ័ពបណ្តេញខ្មែរក្រហមពីអំណាចធ្វើខួប២ធ្នូតាមហ្វេសប៊ុក

ដើមកំណើតនៃរណសិរ្សកម្ពុជា (រូបភាពឯកសារ)
ដើមកំណើតនៃរណសិរ្សកម្ពុជា (រូបភាពឯកសារ) © FB/SHSPage
ដោយ៖ ញឹម សុផល
១៤ នាទី

ខួប​អនុស្សាវរីយ៍​ ២ធ្នូ ​លើក​ទី​៤២​ ថ្ងៃ​បង្កើត​«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ​នៅ​ឆ្នាំ​២០២០​នេះ​ មិន​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​ឱឡារិក​ដូច​ជា​រៀងរាល់​ឆ្នាំ​នោះ​ទេ​ ដោយសារ​តែ​បរិបទ​កូវីដ១៩​។ ជំនួស​ឲ្យ​មិទ្ទីញ​ជួប​ជុំ​គ្នា​ ដែល​មាន​មនុស្ស​ចូលរួម​រាប់​ម៉ឺន​នាក់​ មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​ រំលឹក​ពី​ថ្ងៃ​កំណើត​របស់​អង្គការ​នយោបាយ​ដ៏​ធំ​មួយ​នេះ​ ដែល​នាំ​ទៅ​រក​ការ​វាយ​បណ្តេញ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពី​អំណាច​។

ផ្សាយពាណិជ្ជកម្ម

បង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ មកទល់ពេលនេះមានរយៈពេល៤២ឆ្នាំហើយ ជាទីតាំង និងកាលបរិច្ឆេទ ដែលមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន បង្កកំលាំងទ័ពនៅទីនោះ បង្កើតបានជា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នបានក្លាយជា«រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

ខួបរំលឹកពីវីរភាពថ្ងៃ២ធ្នូនេះ ត្រូវបានរៀបចំប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ដោយមានការរៀបចំជាមិទ្ទីញមហាជនដ៏ធំ ដែលមានថ្នាក់ដឹកនាំ និងសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់រាប់ម៉ឺននាក់ចូលរួម។ ក៏ប៉ុន្តែនៅឆ្នាំ២០២០ នេះ ខួប២ធ្នូត្រូវបានណែនាំឲ្យផ្អាកការធ្វើមិទ្ទីញមហាជន ដោយហេតុផលកូវីដ១៩។ ក៏ប៉ុន្តែពីធីនេះ ត្រូវបានធ្វើឡើងតាមរយៈសារខ្លីៗនៅលើហ្វេសប៊ុក។

លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាស្ថាបនិកដ៏សំខាន់មួយរូបនៃរណសិរ្ស២ធ្នូ បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយរំលឹកពីប្រវត្តិនៃការកកើតរណសិរ្ស២ធ្នូ ហើយឈានទៅរកការរំដោះប្រទេសពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

មិនខុសពីលោក ហេង សំរិន ប៉ុន្មានទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាស្ថាបនិកមួយរូបដែរនៃរណសិរ្ស២ធ្នូ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរ ពីប្រវត្តិ និងការតស៊ូរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្រោមជំនួយដ៏ធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះប្រទេស និងប្រជាជនពីរបបដ៏ខ្មៅងងឹតដែលដឹកនាំដោយប៉ុលពត។ ទាំងលោក ហ៊ុន សែន ទាំងលោក ហេង សំរិន សុទ្ធតែបានរំលេចដូចគ្នាថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

ក៏ប៉ុន្តែ ក្រោមក្រសែភ្នែកអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាលជាដរាបមក ព្រឹត្តិការណ៍នេះ គឺជាពេលវេលា ដែលកងទ័ពវៀតណាមចូលឈា្លនពានកម្ពុជា។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងលើកឡើងហើយថា អ្នកឈ្នះគឺជាអ្នកសរសេរប្រវត្តិសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ