អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រឆាំងកូវីដ១៩៖កម្ពុជាបញ្ចេញម៉ាស២លានបន្ថែមទៀតសម្រាប់ប្រើក្នុងស្រុកនិងផ្តល់ជាង១លានម៉ាសដល់ទីម័រខាងកើត

ម៉ាសចំនួនជាង១លានម៉ាស ដែលជំនួយជាម៉ាសទៅកាន់ប្រទេសទីម័រខាងកើត
ម៉ាសចំនួនជាង១លានម៉ាស ដែលជំនួយជាម៉ាសទៅកាន់ប្រទេសទីម័រខាងកើត © FB
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

រដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ បានបញ្ជូនជំនួយជាម៉ាសចំនួនជាង១លានម៉ាសទៅកាន់ប្រទេសទីម័រខាងកើត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាមួយនឹងការបញ្ជូនម៉ាសជួយដល់ប្រទេសផ្សេងនេះ រដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃទី០១ ខែធ្នូ ក៏បានសម្រេចបញ្ចេញម៉ាសចំនួន២លានម៉ាសបន្ថែមទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ និងការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់បរិបទក្នុងស្រុក  នេះ គឺលើកទី២ហើយដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញម៉ាសចែកជូនដល់ប្រជាពលរដ្ឋដែលមានស្ថានភាពក្រីក្រនៅក្នុងសម័យកូវីដ១៩នេះ។ លើកទី១ គឺរដ្ឋាភិបាលកម្ពុជាបានបញ្ចេញម៉ាសចំនួន២លានម៉ាសស​ម្រាប់តម្រូវការនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែលើកទី២នេះ គឺរដ្ឋាភិបាលកម្ពុជាបានបញ្ចេញ១លានម៉ាសសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ និង ១លានម៉ាសទៀតសម្រាប់ប្រើប្រាស់នៅក្នុងខេត្តសៀមរាប។ ខេត្តសៀមរាប និង រាជធានីភ្នំពេញ គឺជាតំបន់ប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ខ្លាំងជាងគេ បន្ទាប់ពីមានករណីឆ្លងជំងឺដ៏សាហាវនេះនៅក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា នៅថ្ងៃនេះ អាជ្ញាធរក្រុងភ្នំពេញបានផ្តល់ម៉ាសមួយចំនួនទៅដល់ស្នងការដ្ឋាននគររាជធានីភ្នំពេញ និង កងរាជអាវុធហត្ថ ដើម្បីចែកចាយបន្តដល់ប្រជាពលរដ្ឋនៅតាមបណ្តាស្តុបចរាចរណ៍នានា។ ចំណែក ម៉ាសមួយចំនួនទៀតក៏បានផ្តល់ទៅឱ្យបណ្តាខណ្ឌទាំង១៤ ដើម្បីនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមានជីវភាពខ្វះខាត។ បើតាមលោកឃួង ស្រេង ម៉ាសទាំងអស់នេះ គឺសម្រាប់ប្រជាពលរដ្ឋដែលមានស្ថានភាពក្រីក្រ ឯអ្នកដែលមានលទ្ធភាព គឺពុំទទួលបាននោះទេ។

ស្របពេលបញ្ចេញម៉ាសសម្រាប់តម្រូវការនៅក្នុងស្រុកនេះ រដ្ឋាភិបាលកម្ពុជានៅព្រឹកព្រលឹមនាថ្ងៃពុធនេះក៏បានបញ្ជូនជំនួយម៉ាស១លាន៥ម៉ឺនម៉ាស និងសម្ភារវជ្ជសាស្រ្តមួយចំនួនទៀតទៅដល់ប្រទេសទីម័រខាងកើតដូចការសន្យារបស់ខ្លួនផងដែរ។ សម្ភារទំាងអស់នេះ ត្រូវបានដឹកតាមយន្តហោះពិសេស ហើយនាំយកទៅដល់ប្រទេសទីម័រខាងកើតដោយផ្ទាល់ដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា។

ប្រទេសទីម័រខាងកើតនេះ គឺជាប្រទេសទី៣ក្នុងតំបន់ហើយដែលទទួលបានម៉ាស និងសម្ភារវជ្ជសាស្រ្តពីប្រទេសកម្ពុជា បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឡាវ និងមីយ៉ាន់ម៉ាសុទ្ធតែទទួលបានជំនួយជាម៉ាស២លានម៉ាសដូចគ្នា និងសម្ភារវជ្ជសាស្រ្តចាំបាច់មួយចំនួនទៀត។ ចំពោះការផ្តល់ជំនួយម៉ាសដល់ប្រទេសដទៃរបស់កម្ពុជា ខណៈខ្លួនកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩នេះ អ្នកតាមដានសង្គម និងនយោបាយនៅកម្ពុជាខ្លះបានមើលឃើញថា វា គឺជាកាយវិការមនុស្សធម៌របស់កម្ពុជាក្នុងការជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ មួយវិញទៀត ពួកគេក៏យល់ឃើញថា នេះ ក៏ជាយុទ្ធសាស្រ្តនយោបាយការបរទេសរបស់កម្ពុជាក្នុងការឆ្លៀតទាញពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងអស់នេះបន្ថែមទៀតក្នុងពេលនៃការវាយលុកដោយសារតែជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ