អានតួអត្ថបទ
កម្ពុជា

អភិបាល​រាជធានី​ភ្នំពេញ៖ផ្សារ​ទំនើប​អ៊ីអន១​បើក​ដំណើរ​ការ​ឡើង​វិញ​ជាមួយ​នឹង​វិធាន​ការ​សុវត្ថិភាព​ខ្ពស់

ទិដ្ឋភាពផ្សារទំនើបអុីអន១មុនផ្ទុះឡើងការឆ្លងវីរុសចូលសហគមន៍
ទិដ្ឋភាពផ្សារទំនើបអុីអន១មុនផ្ទុះឡើងការឆ្លងវីរុសចូលសហគមន៍ © @Internet
ដោយ៖ អេង គីមហុង
១៥ នាទី

បន្ទាប់​ពី​ផ្អាក​ដំណើរ​ការ​បាន​៣​ថ្ងៃ​ផ្សារ​ទំនើប​អ៊ីអន១ ត្រូវ​បាន​រដ្ឋា​ភិបាល​អនុញ្ញាត្ត​ ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ នៅ​ថ្ងៃ​ទី​២​ធ្នូ​នេះ។ អភិបាលរាជធានីភ្នំពេញ អះអាង​ថា  ផ្សារទំនើប​អ៊ីអន១​បើក​ដំណើរ​ការ​ឡើង​វិញនៅ​ថ្ងៃ​នេះ​ជាមួយ​នឹងការអនុវត្ត​វិធានការ​សុវត្ថិភាពខ្ពស់​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​លើស​ពី​១០​ទៅ​២០​នាក់​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២​ធ្នូ​នេះ​ថា ការឯកភាព​ឲ្យ​ផ្សារ​ទំនើប​អ៊ីអន១​បើក​ដំណើរ​ការ​ឡើង​វិញ បន្ទាប់ពី​ភាគី​ពាក់​ព័ន្ធ​ពិនិត្យ​ឃើញ​ថា រយៈ​ពេល៣​ថ្ងៃ​នៃ​ការ​យក​សំណាក​បុគ្គលិក និង​អាជីវករ​ព្រមទាំង​ប្រជាពល​រដ្ឋ​ពាក់ព័ន្ធ​នឹង​ផ្សារ​ទំនើប​អ៊ីអន​១​សរុបជា​ង​៣ពាន់​នាក់​មក​ធ្វើ​តេស្ត លទ្ធផល​បង្ហាញ​ថា ពួកគេ​អវិជ្ជមាន​វីរុស​កូវីដ​១៩។ ម្យ៉ាង​ទៀត​ការ​សម្រេចបើក​ផ្សារ​ឡើង​វិញ​ក៏​ដើម្បីជួយ​សង្គ្រោះសេដ្ឋកិច្ចរបស់ផ្សារដែរ។

នៅ​ចំពោះ​មុខ​ការ​ឆ្លង​ចូល​សហគមន៍ លោក ឃួង ស្រេង លើកឡើងថា ការ​បើក​ឡើង​វិញ​នូវ​ផ្សារ​ទំនើបអ៊ីអន១ ភាគី​ពាក់​ព័ន្ធ​បាន​ណែ​នាំ​ទៅ​ម្ចាស់​ផ្សារ បុគ្គលិក​ អាជីវករ និងអតិថិជន ត្រូវ​ចូល​រួម​អនុវត្ត​វិធានការ​សុវត្ថិភាព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ខ្ពស់​ជាទី​បំផុត។ វិធានការ​ទាំង​នោះ​រួមមាន៖ការ​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ អាកុល ឬ​ជែល រក្សា​គម្លាត​និង​បញ្ចៀស​ការ​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ផ្សារ​មិន​ឲ្យ​លើស​ពី​១០​ទៅ​២០​នាក់​ឡើយ។

សូមជម្រាបជូនថា ផ្សារ​ទំនើប​អ៊ីអន១​ដែល​ជាទី​ពេញ​និយម​នៃ​ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ​ខ្មែរ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​បិទ​ទ្វារ​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៨​ខែ​វិច្ឆិកា ក្រោយ​រក​ឃើញ​ថា ស្ត្រី​ម្នាក់ដែល​ជា​ភរិយា​អគ្គនាយក​ពន្ធនាគារ​មាន​ផ្ទុក​វីរុស​កូវីដ១៩ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​តាំង​មួយ​ចំនួន​ នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​២១​វិច្ឆិកា។ បន្ទាប់​ពី​បិទ​ផ្សារ​អាជ្ញាធរ​ក៏​សម្រេច​បិទ​ជា​បណ្ដោះ​អាសន្ន​សណ្ឋាគារ​ភ្នំពេញ​ដោយ​សារ​អគ្គនាយក​ពន្ធនាគារ​បាន​ស្នាក់​នៅ​ទី​នោះ។  

ក្រោយ​ហេតុការណ៍នេះ​បាន​កើត​ឡើង​កម្មវិធី​ថ្នាក់​ជាតិ​និង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន​លុបចោល​និង​លើក​ពេលដោ​យ​​​មិន​កំណត់​ថ្ងៃ។ បើ​តាម​លោកអភិបាល​ក្រុង សរុប​ជា​រួមមាន​ពលរដ្ឋ​ប្រមាណ​ជាង​៥ពាន់​នាក់ ក្នុងរាជធានី​ភ្នំពេញ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​សហគមន៍​២៨​វិច្ឆិកា ត្រូវបាន​យក​សំណាក​មក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩។

ស្រប​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ចម្លង​វីរុស​កូវីដ១៩ ចូល​សហគមន៍ នៅ​តាម​ទីសាធារណៈ​ទូទៅបាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទ្វេដង តាមរយៈ​ការ​ដាក់​អាកុល វាស់​កំដៅ​អតិថិជន​ជាប់​ជា​ប្រចាំ​និង​តម្រូវ​ឲ្យពាក់​ម៉ាស់​ជា​ចាំ​បាច់​ទើប​អនុញ្ញត្ត​ឲ្យ​ចូល​ទី​តាំង​អាជីវកម្ម​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏​ដោយ នៅតែមាន​ទីតាំង​អាជីវកម្ម​ខ្លះ​ឆក​ល្វែង ក្នុង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ចំពោះ​ការ​ឆក​ល្វែង​នេះ អភិបាល​រាជធានីភ្នំពេញ​អះអាង​ថា គេ​មិន​អាច​ប្រើ​វិធានការ​ក្ដៅ​ជំនួស​ឲ្យគោល​ការណ៍​ណែ​នាំ​បាន​ទេ​មិន​ថា អ្នក​ប្រកប​អាជីវកម្ម​ឬ​ពលរដ្ឋ​ទូទៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ