វិទ្យុបារាំងអន្តរជាតិផ្អាកការផ្សាយបណ្តោះអាសន្នក្រោយរកឃើញកូវីដ១៩នៅអគារកាណាឌីយ៉ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វិទ្យុបារាំងអន្តរជាតិខេមរភាសា ដែលមានការិយាល័យនៅក្នុងអគារកាណាឌីយ៉ា ត្រូវផ្អាកការផ្សាយមួយរយៈ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ក្រោយពីអគារកាណាឌីយ៉ាត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩។ នៅក្នុងអំឡុងពេលរង់ចាំការបើកការិយាល័យនៅអគារកាណាឌីយ៉ានេះ វិទ្យុបារាំងនឹងផ្សាយផ្ទាល់ចេញពីការិយាល័យក្នុងទីក្រុងប៉ារិស នូវនាទីព័ត៌មានខ្លីៗ រយៈពេល៣ ដងក្នុងមួយថ្ងៃ គឺនៅម៉ោង ៥ ម៉ោង ៦ និងម៉ោង ៧ល្ងាច (ម៉ោងក្នុងប្រទេសកម្ពុជា)។
អគារពាណិជ្ជកម្មកាណាឌីយ៉ា ត្រូវបានក្រសួងសុខាភិបាលកម្ពុជាសម្រេចឱ្យបិទទ្វារជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបុគ្គលិកជនជាតិខ្មែរម្នាក់បម្រើការងារនៅធនាគារចិន (Bank of China) ដែលមានទីតាំងនៅក្នុងអគាររកឃើញមានផ្ទុកជំងឺកូវីដ១៩។ បន្ទាប់ពីបិទអគារនេះរួច អាជ្ញាធរសុខាភិបាលកម្ពុជាបានតម្រូវឱ្យបុគ្គលិកធនាគារចិននៃអគារនេះទាំងអស់ ធ្វើតេស្តរកមេរោគកូវីដ១៩ ចំណែកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលផ្សេងទៀតក៏ត្រូវបានសួរនាំ និង ត្រួតពិនិត្យតាមវិធានសុខាភិបាលផងដែរ។
រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជាកំពុងបន្តយកសំណាកអ្នកពាក់ព័ន្ធជាមួយបុរសជាតិខ្មែររូបនេះនៅក្នុងអគារកាណាឌីយ៉ា ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩។
គួរបញ្ជាក់ដែរថា ក្រៅពីអ្នកដែលពាក់ព័ន្ធនៅក្នុងអាគារកាណាឌីយ៉ា អតិថិជនចំនួនប្រមាណ៣៨នាក់ផ្សេងទៀតក៏បានពាក់ព័ន្ធនឹងអ្នកផ្ទុកជំងឺកូវីដ១៩នេះដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនាគារចិនសាខាភ្នំពេញ (BOC Phnom Penh Branch) ដែលចុះផ្សាយដោយសារព័ត៌មានចិនផ្សាយជាភាសាខ្មែរស៊ីស៊ីថាមន៍នៅរសៀលថ្ងៃនេះ។ ប៉ុន្តែធនាគារចិនសាខាភ្នំពេញបានគូសបញ្ជាក់ថា បុគ្គលិកជនជាតិខ្មែររូបនេះ បានពាក់ម៉ាសត្រឹមត្រូវពេលប្រាស្រ័យទាក់ទងគ្នាជាមួយនឹងអតិថិជនទាំង៣៨នាក់នេះ។ យ៉ាងណាក៏ដោយ បើតាមសារព័ត៌មានចិនដដែល ធនាគារចិននឹងទាក់ទងទៅកាន់អតិថិជនទាំងនោះ ដើម្បីជូនដំណឹងដល់ពួកគេអំពីបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ