ការធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍នឹងត្រូវធ្វើឡើងនៅស្តាតអូឡាំពិក
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូនេះ បានប្រកាសផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីយកទីតាំងដ៏ទូលាយ ១នេះ ឲ្យក្រសួងសុខាភិបាល ប្រើប្រាស់សម្រាប់យកសំណាកធ្វើតេស្តកូវីដ១៩ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្រសួងអប់រំបានបញ្ជាក់ថា ការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី០៧ ដល់ ទី១២ ខែធ្នូ ឆ្នាំ២០២០។ រីឯបុគ្គលិកអប់រំ ដែលមានទីតាំងបម្រើការងារ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ។ សូមបញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន បញ្ជាក់ប្រាប់អ្នកកាសែតថាមនុស្សប្រមាណ ពី ៥០០០ ទៅ ៦០០០ នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា នឹងត្រូវធ្វើតេស្តនៅ ថ្ងៃទី ៨ ខែធ្នូ ខាងមុខ ខណៈពេលនេះអ្នកឆ្លងកូវីដ១៩ ក្នុងហេតុការណ៍នេះ សរុបចំនួន ២៣នាក់ គិតមកត្រឹមរសៀលថ្ងៃសុក្រនេះ។