កូវីដ១៩៖ ក្រសួងសុខាភិបាលចេញវិធានការបន្ថែមសម្រាប់ផ្សារទំនើប ធនាគារ និងកន្លែងប្រកបរបរនានា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃសុក្រទី៤ធ្នូនេះ បានចេញសេចក្តីណែនាំបន្ថែម នៅតាមផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ក្នុងការពង្រឹងការអនុវត្តអនាម័យនិងការពារឲ្យដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ច្រើនចូលទៅក្នុងសហគមន៍។
សេចក្តីអំពាវនាវបន្ថែមនោះមានជាអាទិ៍៖ បុគ្គលិកបម្រើការទាំងអស់ត្រូវពិនិត្យសីតុណ្ហភាពរាងកាយយ៉ាងតិច៣ដងក្នុងមួយថ្ងៃ ហើយពួកគេត្រូវពាក់ម៉ាសនិងរបាំងការពារមុខឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន រីឯអតិថិជនវិញ ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ឲ្យបានត្រឹមត្រូវនឹងខ្ជាប់ខ្ជួនដូចគ្នាដែរ។
ដោយឡែក ធនាគារ ផ្សារទំនើប និងហាងទំនិញនីមួយៗ តម្រូវឲ្យបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិឬទេម៉ូម៉ែត្រវាស់កម្តៅដោយដៃ ដោយត្រូវមានដាក់អាល់កុលឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិរបស់ខ្លួន និងត្រូវតម្រូវឲ្យលាងដៃអោយញឹកញាប់បន្ទាប់ឬមុនពេលចាប់កាន់អ្វីមួយ និងដោយមានដាក់បង្ហាញស្លាកសញ្ញាផ្សព្វផ្សាយការពារអនាម័យនៅគ្រប់ច្រកចេញចូលទាំងអស់ផងដែរ។ ។ កន្លែងប្រកបអាជីវកម្ម ផ្សារទំនើប និងធនាគារ ត្រូវរៀបចំទីតាំងសម្រាប់បុគ្គលិកនិងអតិថិជន ឲ្យមានគម្លាតសុវត្ថភាពសង្គម យ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់។
ជាសេចក្តីអំពាវនាវ បន្ទាប់ពីរកឃើញមានករណីវិជ្ជមានកូវីដ១៩ លើបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំធ្វើការនៅធនាគារចិន និងស្ត្រីជនជាតិខ្មែរអាយុ២១ឆ្នាំធ្វើការនៅធនាគារថេយូថៃណីតនៅថ្ងៃទី៣ធ្នូ និងបន្ទាប់ពីមានការរកឃើញករណីកូវីដ១៩ចំនួន៤នាក់បន្ថែមទៀតនៅថ្ងៃព្រឹកថ្ងៃសុក្រទី៤ធ្នូនេះ។ ក្នុងចំណោម៤ករណីនោះ គឺ៣ករណីជាសាច់ញាតិរបស់បុរសធ្វើការនៅធនាគារចិនដែលរួមមានម្នាក់ជាបុគ្គលិកហាងលក់កុំព្យូទ័ឈ្មោះ ឌីមកុំព្យូទ័រ រីឯ១ករណីទៀត ជាបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ ជាអ្នកធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី៤ធ្នូនេះ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ដំបូងនៅកម្ពុជាចំនួន២៣នាក់។ ចំពោះចំនួនសរុបនៃករណីកូវីដ-១៩វិញ រហូតមកទល់ពេលនេះ កម្ពុជារកឃើញមានចំនួន៣៣៥ករណី ក្នុងនោះ៣០៤ករណីបានជាសះស្បើយ ចំណែករណីដែលកំពុងសម្រាកព្យាបាលមានចំនួន៣១ករណី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ