ព្រឹត្តិការណ៍២៨វិច្ឆិកា៖ រកឃើញកូវីដ១៩ចំនួន៩នាក់បន្ថែមទៀតនៅល្ងាចនេះគឺកើនដល់១៣នាក់
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៩នាក់ទៀតនៅល្ងាចថ្ងៃសុក្រនេះ ក្នុងនោះមានបុគ្គលិកធ្វើការនៅហាង Pedro ៦នាក់បន្ថែមទៀត និងអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ដែលឆ្លងកាត់កោះតៃវ៉ាន់។ ដូច្នេះលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី៤ធ្នូនេះគឺមានចំនួន១៣នាក់ ខណៈបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ គឺបានឆ្លងកូវីដ១៩កើនឡើងដល់៧នាក់ហើយ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ មានមនុស្សចំនួន៤នាក់ត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងនោះ៣នាក់ជាសាច់ញាតិនឹងបុរសអាយុ២៣ឆ្នាំធ្វើការនៅធនាគារចិន ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ខែធ្នូ។ អ្នកទាំង៣នោះរួមមាន៖ បុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ, ស្ដ្រីជនជាតិខ្មែរអាយុ៣២ឆ្នាំ, និងកុមារាជនជាតិខ្មែរអាយុ៣ឆ្នាំ។ អ្នកទាំងបីរស់នៅលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាម លោកស្រី យក់ សម្បត្តិ ហាងលក់សំលៀកបំពាក់ Pedro ក៏ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផងដែរ៕