កូវីដ-១៩៖ ក្រសួងស្នើកុំឲ្យពលរដ្ឋដើរហើរបើមិនចាំបាច់
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពេលដែលកូវីដ-១៩ ផ្ទុះឡើងនៅក្នុងសហគមន៍ ក្រសួងសុខាភិបាលកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់កុំចេញក្រៅផ្ទះបើមិនចាំបាច់។ និងថា ក្នុងករណីចាំបាច់ដែលត្រូវចេញក្រៅផ្ទះ ពលរដ្ឋត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងត្រូវលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកដែលមានសម្រាប់លាងដៃឲ្យបានញឹកញាប់។
«សភាពធម្មតាតាមបែបគន្លងថ្មី» នេះគឺជាអ្វីដែលពលរដ្ឋគ្រប់គ្នាត្រូវសម្របខ្លួនតាម នៅក្នុងពេលដែលកម្ពុជាកំពុងតែត្រូវវាយលុកដោយជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន បានអំពាវនាវឲ្យពលរដ្ឋរាល់គ្នា នៅផ្ទះ កុំដើរហើរក្នុងករណីមិនចាំបាច់។
ប្រសិនបើចាំបាច់ចេញក្រៅផ្ទះមែននោះ ក្រសួងរំឭកឲ្យពលរដ្ឋប្រកាន់ខ្ជាប់នូវវិធានអនាម័យ។ វិធានអនាម័យដែលមានជាអាទិ៍៖ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងត្រូវលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកដែលមានសម្រាប់លាងដៃឲ្យបានញឹកញាប់ ជាពិសេសគឺមិនត្រូវយកដៃដែលមិនបានលាងសម្អាតមកប៉ះផ្ទៃមុខមាត់របស់ខ្លួន។ ពលរដ្ឋត្រូវរក្សាគម្លាតសុត្ថិភាពសង្គម មិនត្រូវជួបជុំគ្នាលើសពី២០នាក់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានលើសពីមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់។
អាជ្ញាធរសុខាភិបាលកម្ពុជារំឭកម្ដងហើយម្ដងទៀតថា ការអនុវត្តវិធានសុវត្ថិភាពទាំងនេះ មានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ និងថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ វីរុសនេះ បើតាមក្រសួងសុខាភិបាល នឹងវាយលុកសរីរាង្គកាយមនុស្សនៅពេលដែលមនុស្សធ្វេសប្រហែស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ