មួយខែមុនមាតុភូមិនិវត្តន៍ អតីតបក្សប្រឆាំងចាប់ផ្ដើមរាប់ថយក្រោយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី០៤ខែធ្នូនេះ អតីតគណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមរាប់ថយក្រោយសម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ខ្លួន។ ជាដំណើរមាតុភូមិនិវត្តន៍ ដែលគ្រោងធ្វើឡើងនាថ្ងៃទី០៤ខែមករាឆ្នាំ២០២១ និងដែលដឹកនាំដោយលោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។
ការធ្វើមាតុភូមិនិវត្តន៍នៃមន្ដ្រីអតីតគណបក្សប្រឆាំងនាដើមឆ្នាំក្រោយនេះ ធ្វើឡើងតាមសេចក្ដីសម្រេចរបស់កិច្ចប្រជុំតាមអនឡាញមួយ ដែលប្រព្រឹត្តធ្វើកាលពីថ្ងៃទី២៨និង២៩ខែវិច្ឆិកាកន្លងទៅ។ តាមរយៈកិច្ចប្រជុំនេះ អតីតគណបក្សសង្គ្រោះជាតិបានសម្រេចឱ្យមន្រ្តីរបស់ខ្លួនដែលមានឈ្មោះក្នុងដីកាហៅរបស់តុលាការចូលមកប្រទេសកម្ពុជាវិញ។
ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI លោកស្រី មួរ សុខហួរ ដែលមានលិខិតឆ្លងដែនបរទេស យល់ថា ប្រតិភូអតីតបក្សប្រឆាំងអាចនឹងទទួលបានផលល្អ ក្នុងការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅថ្ងៃ០៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ជុំវិញគម្រោងមាតុភូមិនិវត្តន៍នៃមន្ដ្រីអតីតបក្សប្រឆាំងនេះ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន បានហៅក្រុមថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ថាជាមនុស្សដែលប្រជាជនកម្ពុជាមិនស្វាគមន៍។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា នៅពេលដែលសមាជិកអតីតគណក្សបក្សប្រឆាំងមកដល់ប្រទេសកម្ពុជាកាលណា នោះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់កម្ពុជាភ្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ